(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរ បានបង្ហាញនូវផ្លាកលេខ លេខតួ និងលេខម៉ាស៉ីន ម៉ូតូជាង១,០០០គ្រឿង ដែលដកហូតពីទីតាំងបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីឲ្យសាធារណជន ពិសេសអ្នកដែលធ្លាប់បាត់ម៉ូតូអាចពិនិត្យផ្ទៀងផ្ទាត់រកម៉ូតូរបស់ខ្លួន។ នេះបើតាមក្នុងបញ្ជីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្រាស់៨៩ទំព័រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
គួរជម្រាបថា ម៉ូតូជាង១,០០០គ្រឿងនេះ ត្រូវបានដកហូតពីទីតាំងបញ្ចាំដោយខុសច្បាប់ នៅតំបន់ឃ្លាំងរំសេវ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា ការបើកយុទ្ធនាការបោសសម្អាត ឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្រេចបានលទ្ធផល ដូចខាងក្រោម៖
* បានចុះបង្ក្រាបចំនួន ១៣ទីតាំង
* បានដកហូតម៉ូតូ សរុបចំនួន ១,១១៣ គ្រឿង
* បានដកហូតរថយន្ត សរុបចំនួន ១៤ គ្រឿង
* បានដកហូត Passapp សរុបចំនួន ១២គ្រឿង
* បានដកហូតកង់បី សរុបចំនួន ០៩គ្រឿង។
បើតាមលោក ឃ្លាំង ហួត រហូតមកដល់ពេលនេះ អាជ្ញាធរបានប្រគល់ម៉ូតូ ជូនជនរងគ្រោះវិញសរុបចំនួន ១០គ្រឿង ចំពោះបងប្អូនណាដែលបានបាត់ម៉ូតូ ហើយរកមិនទាន់ឃើញ សូមកុំទាន់អស់សង្ឃឹម ក្រុមការងារនឹងខិតខំប្រឹងប្រែងស្វែងរកបន្តទៀត។
ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់អ្នករកស៊ីខុសច្បាប់ទាំងឡាយ សូមកែខ្លួនត្រឡប់មករកស៊ីទទួលទានដោយសុចរិតវិញ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រដល់ប្រតិបត្តិការនេះ និងចូលរួមសហការផ្ដល់ព័ត៌មាន៕