(ភ្នំពេញ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានចុះជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបានណែនាំសិស្សានុសិស្ស ឲ្យកំណត់គោលដៅឲ្យច្បាស់លាស់ បន្ទាប់ពីបញ្ចប់ការសិក្សាចំណេះដឹងទូទៅ ដើម្បីទទួលបានលទ្ធផលល្អនាពេលអនាគត។

ការណែនាំរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សថ្នាក់ទី១២ ក្នុងក្រុងស្ទឹងសែនចំនួន១,១៧៥នាក់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅបំណាច់ឆ្នាំ២០២២ខាងមុខនេះ។

បន្ថែមពីនេះលោក ជា ចាន់តូ បានអំពាវនាវដល់យុវជនកម្ពុជារួបរួមសាមគ្គីការពារ និងថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីការអភិវឌ្ឍប្រទេសជាតិឲ្យសម្បូររុងរឿង។

លោក ជា ចាន់តូ លើកឡើងថា ចំពោះមុខទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែង ដើម្បីរត់ឲ្យទាន់នឹងប្រទេសជឿនលឿន ក្នុងនោះរួមបណ្ដាប្រទេសក្នុងតំបន់ផងដែរ ដូចនេះបានជារាជរដ្ឋាភិបាលពិសេសសម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ និងផ្ដល់អាទិភាពលើការកសាងធនធានមនុស្សឲ្យបានច្រើន និងប្រកបដោយសក្ដានុពល ពិសេសការបណ្ដុះបណ្ដាលយុវជនជាកម្លាំងបន្តវេន។ ទន្ទឹមនឹងលោកបានស្នើដល់យុវជនគប្បីសាមគ្គីភាព និងភាពស្មោះត្រង់ ព្រោះជាដើមទុនមួយមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

លោក ជា ចាន់តូ បានក្រើនរំលឹកដល់សិស្សានុសិស្សឲ្យចេះជ្រើសរើស និងកំណត់គោលដៅឲ្យបានច្បាស់លាស់ ក្នុងការរៀបចំអនាគតខ្លួន បន្ទាប់ពីបញ្ចប់ការសិក្សាចំណេះដឹងទូទៅ ទើបថ្ងៃអនាគតទទួលបានលទ្ធផលល្អ សម្រាប់ខ្លួនគ្រួសារ និងសង្គម។

លោក ជា ចាន់តូ បានសម្ដែងការសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២នេះ របស់សិស្សថ្នាក់ទី១២ ក្នុងក្រុងស្ទឹងសែននឹងប្រឡងជាប់ទាំងអស់គ្នា ព្រមទាំងទទួលបាននិទ្ទេស A ច្រើនជាងឆ្នាំសិក្សាមុនៗ។

លោក ជា ចាន់តូ បានផ្ដល់សម្ភារៈសិក្សាមានប៊ិច សៀវភៅ កាតាប និងថវិកា ជាអំណោយផ្ទាល់របស់របស់លោក និង លោកស្រី ព្រមទាំងរបស់សប្បុរសជនជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សដែលត្រៀមប្រឡងទាំង១១៥៧នាក់ផងដែរ៕