(ភ្នំពេញ)៖ ប្រទេសចិនបានអនុវត្តកំណែទម្រង់ និងទីផ្សារសេរីចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៨០ ហើយក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ តាមរយៈកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍដ៏លឿនរហ័ស ប្រទេសចិនបានធ្វើឱ្យមនុស្សជាតិនៅលើផែនដី ទទួលបាននូវការរញ្ជួយចិត្តរំភើបក្រៃលែង ដែលមិនធ្លាប់មានពីមុនមក។

មិនត្រឹមតែបានដោះស្រាយទាំងស្រុង នូវសន្តិសុខស្បៀងនិងជីវភាពរស់ នៅរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប្រទេសចិនក៏បានបោះជំហានឆ្ពោះទៅរកសង្គមមួយ ដែលកាន់តែរីកចម្រើនផងដែរ។ ដោយផ្អែកលើការអនុវត្តជាក់ស្តែងនិងវឌ្ឍន ភាពឥតឈប់ឈរស្របតាមលក្ខខណ្ឌជាក់ស្តែង គោលនយោបាយដែលមានភាពរស់រវើកបានផ្តល់នូវសុខដុមនីយកម្ម ទំនើបកម្មផ្នែកបច្ចេកវិទ្យា និងជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជនចិន។

នៅបស្ចិមប្រទេស លទ្ធិប្រជាធិបតេយ្យបែបមូលធននិយមបានពង្រីកគម្លាត កាន់តែធំរវាងអ្នកមាននិងអ្នកក្រ។ នៅក្នុងសង្គមមូលធននិយម អ្នកដឹកនាំជឿថាទ្រព្យសម្បត្តិនិងភាពក្រីក្រ ត្រូវបានកំណត់ដោយការប្រើប្រាស់ដើមទុន ដោយមិនអើពើនឹងស្ថានភាពជាក់ស្តែងរបស់សង្គម។ លទ្ធិប្រជាធិបតេយ្យបែបសង្គមនិយម តាមបែបផែន ចិនយល់ថាគោលនយោបាយទាំងអស់ត្រូវចាត់ទុក ផលប្រយោជន៍របស់ប្រជាជនជាអាទិភាពខ្ពស់បំផុត ហើយអ្វីដែលចិនបន្តគឺគោលនយោបាយប្រជាធិបតេយ្យពិគ្រោះយោបល់ ដែលគាំទ្រនិងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដ ដល់ប្រជាជន ហើយវាជាប្រព័ន្ធនយោបាយប្រជាធិបតេយ្យតាមបែបផែនចិន។

ប្រព័ន្ធនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន មិនមែនជាការបង្កើតឡើងនូវមជ្ឈមណ្ឌលតែមួយផ្នែក ឬមួយជ្រុងសម្រាប់ប្រយុទ្ធប្រឆាំងនឹង ភាពក្រីក្រនោះទេ ប៉ុន្តែវាគឺជាប្រព័ន្ធប្រតិបត្តិការបែបគរុសភា ទាំងមូលរបស់ជាតិដែលអាចចាត់ទុកថាជាគម្រោងដ៏ធំមួយ។ ក្នុងប្រទេសចិនមានសុភាសិតមួយថា «ប្រសិនបើយើងរួបរួមកម្លាំងគ្នាជាធ្លុងមួយ បើទោះបីជាភ្នំថៃសានក៏យើងអាចរំកិលបានដែរ» ដែលជាទស្សនវិជ្ជាមួយកប់លាក់យ៉ាងជ្រៅ ទៅក្នុងផ្នត់គំនិតជនជាតិចិន ហើយដែលផ្នត់គំនិតនេះបានជះឥទ្ធិពលជាវិជ្ជមាន និងខ្លាំងក្លាជំរុញឱ្យកម្លាំងដ៏មហិមារបស់ប្រជាជន ចូលរួមយ៉ាងសកម្មដល់សកម្មភាពរបស់បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងសង្គមទាំងមូលរបស់ប្រទេសចិន។

សាមគ្គីភាពនេះមិនត្រឹមតែជាពាក្យស្លោកឬគ្រាន់តែទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែវាជាការអនុវត្តជាក់ស្តែងនិងបានលើកកម្ពស់វឌ្ឍនភាព និងភាពសុខដុមរមនាដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងរំដោះប្រជាជនចិនចាកចេញផុតទាំងស្រុងពី ភាពក្រីក្រឈានទៅកាន់វិបុលភាពរុងរឿង ស្របតាមមាគ៌ាសង្គមនិយមតាមបែបផែនចិន។

បទពិសោធន៍ជោគជ័យរបស់ចិនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសនានាក្នុងលោកដែលក្នុងនោះ រួមមានទាំងបណ្តាប្រទេសទាំងអស់ របស់អាស៊ានផងដែរ។ គួររំលឹកផងដែរថា ទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន បានចាប់ផ្ដើមនៅពេលឯកឧត្តម Qian Qichen អតីតរដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្នុងឋានៈ ជាភ្ញៀវរបស់រដ្ឋាភិបាលម៉ាឡេស៊ី បានចូលរួមសម័យបើកនៃកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីអាស៊ានលើកទី២៤ នាខែកក្កដា ឆ្នាំ១៩៩១ នៅទីក្រុង Kuala Lumpur។ ឯកឧត្តម បានបង្ហាញពីចំណាប់អារម្មណ៍របស់ចិន ក្នុងការសហការជាមួយអាស៊ាន ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ប្រទេសចិនត្រូវបានទទួលស្គាល់ជាដៃគូសន្ទនាពេញលេញ នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី២៩ នាខែកក្កដា ឆ្នាំ១៩៩៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ប្រទេសចិនតែងបានរក្សាជំហររបស់ខ្លួន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ចាប់តាំងពីឆ្នាំ២០០៩។ ពាណិជ្ជកម្មរវាងចិននិងអាស៊ាន បានកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ២០១០ ពី២៣៥.៥ពាន់លានដុល្លារដល់ ៥០៧.៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ និងបានកើនស្ទើរតែបួនដងចាប់តាំងពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន-អាស៊ាន ក្នុងឆ្នាំ២០០៥។

ពាណិជ្ជកម្មចិន-អាស៊ានមានចំនួនសរុប ១.៨៤ពាន់ពាន់លានយាន់ប្រាក់ចិន (ប្រមាណជា២៧៤.៥ពាន់លានដុល្លារ) ចាប់ពីខែមករាដល់ខែមេសា និងបានកើនឡើង៧.២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកនៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២២ ការនាំចូលនិងនាំចេញរវាងចិនជាមួយអាស៊ាន ឈានដល់១.៣៥ពាន់ពាន់លានយាន់ប្រាក់ចិន គឹកើនឡើង៨.៤% ពីមួយឆ្នាំទៅមួយឆ្នាំ និងស្មើនឹង១៤.៤% នៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ អាស៊ានបានដើរពីក្រោយសហភាពអឺរ៉ុបប្រហែល ៣ពាន់លានយាន់ ប្រាក់ចិន ដែលជាបណ្តោះអាសន្នក្លាយជា ដៃគូពាណិជ្ជកម្មធំទីពីររបស់ចិន។

ទន្ទឹមនឹងនោះ ទំហំនាំចេញ-នាំចូលរបស់ចិនជាមួយបណ្តាប្រទេសនៅតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» បានកើនឡើង ២០.២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ខណៈដែលទំហំនាំចេញ-នាំចូលរបស់ចិន ជាមួយសមាជិកចំនួន១៤ផ្សេងទៀត នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានកើនឡើង៧.៥%។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ នោះអត្ថប្រយោជន៍នៃគោលនយោបាយ RCEP បាននិងកំពុងលេចឡើងឥតឈប់ឈរ។

ស្ពាន ផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀតនៅកម្ពុជា រថភ្លើងល្បឿនលឿនតភ្ជាប់រវាងឡាវនិងចិន រថភ្លើងល្បឿនលឿនតភ្ជាប់រវាងចិននិងឥណ្ឌូនេស៊ី និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ការអនុវត្តពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីរវាងចិននិងសមាជិកអាស៊ាន សុទ្ធសឹងជាភស្តុតាងមិនអាចប្រកែកបាននៃការបែងចែក ដើម្បីចែករំលែកនំខេកដែលមានទំហំកាន់ តែធំរវាងប្រទេសចិននិងអាស៊ាន។

ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម គឺជាប្រធានបទនៃពាណិជ្ជកម្មសកល និងនវានុវត្តក្នុងប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិ។ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម បានបង្កើតឱកាសថ្មីសម្រាប់ សហគ្រាសតាមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដើម្បីអភិវឌ្ឍទីផ្សារពិភពលោក។ ប្រទេសចិនតែងតែជំរុញ ការអភិវឌ្ឍប្រកបដោយសុខដុមរមនា និងតុល្យភាពរវាងចិននិងអាស៊ាន ក៏ដូចជារវាងរដ្ឋាភិបាលនិងសហគ្រាស។

ប្រទេសចិនតែងលើកទឹកចិត្តសហគ្រាស និងទេសចរចិនឱ្យមកបណ្តាក់ទុន ឬទៅទស្សនាក្នុងតំបន់អាស៊ាន ហើយប្រទេសចិនក៏ទទួលស្វាគមន៍វិនិយោគិន និងទេសចរបរទេសមកបង្កើនទំហំ វិនិយោគនិងមកទស្សនា នៅប្រទេសចិនផងដែរ។ ប្រទេសចិនពង្រឹងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើម ដែលចាប់ផ្តើមពីប្រទេសចិនជាមួយ គោលនយោបាយយុទ្ធសាស្ត្រជាតិ នៃបណ្តាប្រទេសនានា ដើម្បីអនុម័តនិងអនុវត្តនូវវិធីសាស្រ្តរួមសម្រាប់ គំនិតផ្តួចផ្តើមនិងគម្រោងផ្សេងបន្ថែមទៀត។

ថ្នាក់ដឹកនាំកំពូលរវាងកម្ពុជានិងចិនបានរួមគ្នា គ្រោងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើងដល់១០ពាន់លាន ដុល្លារនៅឆ្នាំ២០២៣។ នៅឆ្នាំ២០២០ ទោះបីមានការរីករាលដាលនៃមេរោគ Covid-19 ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឈានដល់ជាង៨ពាន់លានដុល្លារអាមេរិក។ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនបានឈានដល់ ៣.៧៥ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង៣៩.២% ជាប់ចំណាត់ថ្នាក់ទីមួយក្នុងចំណោមប្រទេសអាស៊ាន ដែលជាការគូសបញ្ជាក់ដោយលោក Wu Guoquan ទីប្រឹក្សាទូទៅនៃស្ថានទូតចិនប្រចាំកម្ពុជា។

ដោយឡែកនៅក្នុងការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន ប្រទេសចិនបានអនុវត្តកម្មវិធី «តភ្ជាប់ភូមិមួយម៉ឺនភូមិជាមួយគ្នា» ដែលក្នុងនោះជាង២០ប្រទេសក្នុងទ្វីបអាហ្រ្វិក គឺត្រូវដំឡើងទូរទស្សន៍ឌីជីថលសម្រាប់ភូមិចំនួន១ម៉ឺន ដែលជាបង្អួចថ្មី សម្រាប់ប្រជាជននៅទ្វីបអាហ្វ្រិក បានយល់កាន់តែស៊ីជម្រៅពីពិភពលោក តាមរយៈគំរូភាពនៃភូមិគំរូ ដែលបានផ្តួចផ្តើមបង្កើតឡើងដោយប្រទេសចិន។ ឧទាហរណ៍មួយពីអាស៊ាន កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ក្នុងអាស៊ាន ក៏មានគម្រោងភូមិគំរូមិត្តភាពចិន-កម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ស្ថិតនៅភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

រយៈពេលជិតពីរឆ្នាំកន្លងមកភូមិនេះ មានការអភិវឌ្ឍយ៉ាងខ្លាំង ដោយសារតែគម្រោងដែលទទួលបានការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសពីមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍនិងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងគោលបំណងជួយដោយផ្ទាល់ដល់ប្រជាជនកម្ពុជា ក្នុងការកសាងផ្លូវជនបទ ទៅកាន់ភូមិខាងលើ ផ្គត់ផ្គង់ទឹកស្អាតដល់អ្នកភូមិ កែលម្អស្ថានភាពអប់រំនិងសុខភាព និងអភិវឌ្ឍគម្រោងនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនដល់ប្រជាជន ដូចជាគម្រោងចិញ្ចឹមសត្វ គម្រោងបណ្តុះបណ្តាលបច្ចេកទេសនានា និងគម្រោងកែលម្អ បរិស្ថានសាធារណៈនៅក្នុងភូមិជាដើម។ ប្រជាពលរដ្ឋរស់នៅភូមិតាននបានថ្លែងអំណរគុណចំពោះ ប្រជាជននិងរដ្ឋាភិបាលចិនដែលបានជួយលើកកម្ពស់ជីវភាពរស់នៅ និងជួយឱ្យប្រជាជនកម្ពុជានៅភូមិតានន បានក្រោកចាកផុតពីភាពក្រីក្រ។

ជារួម ប្រទេសចិនដែលតែងទទួលយកយន្តការពហុភាគីដោយផ្អែកលើការធ្វើផែនការរួមគ្នានិងការអភិវឌ្ឍរួមគ្នា ដើម្បីកសាងសហគមន៍ជោគវាសនារួមគ្នាសម្រាប់មនុស្សជាតិ ដែលនេះគឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ប្រកបដោយគតិបណ្ឌិតនិងស្របតាមមាគ៌ាវិទ្យាសាស្រ្ត និងទាន់សម័យកាលរីកចម្រើនរបស់សង្គម ដើម្បីដោះស្រាយនិងឆ្លើយតបបានទាន់ពេលវេលា និងត្រឹមត្រូវជាមួយនឹងគ្រប់បញ្ហានានាដែលកំពុងចោទឡើង នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

យើងប្រាកដណាស់ថា ចិននិងអាស៊ានរួមគ្នា ផ្តោតលើការអភិវឌ្ឍ និងការខិតខំប្រឹងប្រែង ក្នុងតំបន់មិនត្រឹមតែជា ផលប្រយោជន៍ របស់ប្រជាជនចិនប៉ុណ្ណោះទេ ហើយអ្វីដែលពិសេសជាងនេះទៀត នោះគឺការផ្តល់ផលប្រយោជន៍ជា វិជ្ជមានដ៏មហិមាជូនដល់ ប្រជាជនអាស៊ាន និងប្រជាជននៅតាមបណ្តាប្រទេសនានា តាមបណ្តោយផ្លូវសូត្រថែមទៀតផង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន