(កំពង់ឆ្នាំង)៖ រយៈពេល៣ថ្ងៃដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ខេត្តកំពង់ឆ្នាំងទទួលភ្ញៀវទេសចរបានជាង៥ម៉ឺន៤ពាន់នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។
នៅក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងដែលបានអញ្ជើញមកលេងកំសាន្តក្នុងខេត្តកំពង់ឆ្នាំង មានភ្ញៀវបរទេសចំនួន៣៧នាក់ផងដែរ។
ដោយឡែកក្នុងខេត្តកំពង់ឆ្នាំង មានរមណីយដ្ឋានសម្រាប់ភ្ញៀវមកលេងកម្សាន្តចំនួន១៩ទីតាំង ក្នុងនោះមាននៅក្នុងក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកបរិបូណ៌ ស្រុកទឹកផុស ស្រុកកំពង់លែង ស្រុកជលគីរី និងស្រុកសាមគ្គីមានជ័យ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថា ការអញ្ជើញមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំងរបស់ភ្ញៀវទេសចរណ៍ខាងលើនេះ គឺទទួលបានសុខសុវត្ថិភាពដោយមានបញ្ហាអ្វីនោះឡើយ។
ដោយឡែកនៅតំបន់រមណីយដ្ឋានថ្មក្រាលស្ថិតក្នុងស្រុកទឹកផុស នៅថ្ងៃទី២៥ ខែកញ្ញា មានការរាំងស្ទះដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ប្រហែលជា ២ទៅ៣ម៉ោងនៅពេលភ្ញៀវត្រឡប់ចេញពីរមណីយដ្ឋានវិញ ដោយ សារតែស្ពានឆ្លងមួយកន្លែងស្ថិតនៅក្បែររមណីយដ្ឋាននោះត្រូវបាក់ស្រុត ព្រោះតែរថយន្តដឹកដីបានដឹកឆ្លងកាត់ស្ពានបណ្ដាលឱ្យស្ពានបាក់ហើយរថយន្តនោះនៅជាប់កណ្ដាលស្ពានដែលមិនអាចឲ្យរថយន្តដទៃធ្វើចរាចរណ៍បាន។
លោកបន្តថា បន្ទាប់ពីមានកិច្ចប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន សហគមន៍ទេសចរណ៍ សមត្ថកិច្ចដែលមានការបញ្ជាផ្នែកបច្ចេកទេសដោយផ្ទាល់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលលោកបានអញ្ជើញទៅពិនិត្យដោយផ្ទាល់នៅទីតាំងកើតហេតុខាងលើនេះទាំងយប់ ជាមួយលោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រហូតដល់ម៉ោង ៧៖០០នាទីយប់ថ្ងៃដដែលទើបរថយន្ត ដែលជាប់ជាង២០គ្រឿងឆ្លងបានដោយសុវត្ថិភាព។
ពាក់ព័ន្ធនិងសន្តិសុខសណ្តាប់ធ្នាប់រយៈពេល៣ថ្ងៃកន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែកញ្ញាថា លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាតាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានដើម្បីរៀបចំរក្សាសន្តិសុខនៅតាមទីវត្តអារាម រមណីយដ្ឋា ននានា ធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវសាធារណៈ ពិសេសតាមដងផ្លូវជាតិលេខ៥ នៅពេលដែលប្រជាពលរដ្ឋសម្រុកចេញ-ចូល ទៅក្រុងភ្នំពេញផងដែរ៕