(ព្រៃវែង)៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់រវាងម៉ូតូ និងម៉ូតូ បើកបរបញ្រ្ចាស់ទិសបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង២០៖៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតលើផ្លូវកៅស៊ូ ភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូ១គ្រឿង ម៉ាកស៊ុយសូគីនិច ពណ៌សពាក់ផ្លាកលេខព្រៃវែង ១S-៦៥២២ បើកបរដោយឈ្មោះតក់ សុភក្រ្តា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពញាលៀង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ជនរងគ្រោះបានជិះម៉ូតូពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង1R-1552 បើកដោយឈ្មោះ ស៊ាន កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ទាំងសងខាង នៅកន្លែងកើតហេតុ។

មូលហេតុ៖ អ្នកបើកបរម៉ូតូ ទាំងសងខាងបើកក្នុង (ស្ថានភាពស្រវឹង) ក្នុងល្បឿនខ្វះការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព។ បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯវត្ថុតាងម៉ូតូត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអង្គររាជ្យ ស្រុកព្រះស្តេច៕