(ពោធិ៍សាត់)៖ រយ:ពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក្នុងខេត្តពោធិ៍សាត់ គ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន១១លើក កើនឡើង៤លើក បើប្រៀបធៀបរយ:ពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ។

ក្នុងរបាយការណ៍នោះ បានបញ្ជាក់ថា រយ:ពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២ ដែលបានបញ្ចប់ទៅថ្មីៗនេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ កើតមានចំនួន១១លើក កើនឡើងចំនួន៤លើក ធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួន ១១/៧លើក។

ចំពោះចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រយ:ពេល១៥ថ្ងៃ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានចំនួន១៣នាក់ កើន៩នាក់ (១៣/៤នាក់), របួសធ្ងន់ស្រាលមនុស្ស៩នាក់ ថយ៨នាក់ (៩/១៧នាក់), ខូចខាតរថយន្ត ៥គ្រឿង, ម៉ូតូ៨គ្រឿង និងកង់២គ្រឿង រួមមាន៖

*ក្រុងពោធិ៍សាត់ ៣លើក ស្លាប់៣នាក់ របួស៣នាក់ ខូចខាតរថយន្ត២គ្រឿង និងម៉ូតូ៣គ្រឿង។
*ស្រុកកណ្តៀង (គ្មាន)។
*ស្រុកក្រគរ ៣លើក ស្លាប់៣នាក់ របួស២នាក់ ខូចខាតរថយន្តគ្រឿង ម៉ូតូ១គ្រឿង និងកង់២គ្រឿង។
*ស្រុកបាកាន ២លើក ស្លាប់២នាក់ របួស២នាក់ ខូចខាតរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង។
*ស្រុកភ្នំក្រវាញ (គ្មាន)។
*ស្រុកវាលវែង ១លើក ស្លាប់៣នាក់ ស្រី២នាក់ របួស០នាក់ ខូចខាតរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង។
*ស្រុកតាលោសែនជ័យ ២លើក ស្លាប់២នាក់ របួស២នាក់ ខូចខាតម៉ូតូ២គ្រឿង៕