(ពោធិ៍សាត់)៖ ក្នុងអំឡុងពេល នៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៩៦,៤៥២នាក់ ស្រី៥៤,០០៧នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ៩៦,៤៤៤នាក់ ស្រី៥៤,០០៧នាក់ និងភ្ញៀវទេសចរអន្តរជាតិ៨នាក់ ស្រី៣នាក់។
នេះបើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ។
ក្នុងរបាយការណ៍នោះ បានបញ្ជាក់បន្ថែមថា នាឱកាសបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ សម្រាប់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ ទាំង៣៩កន្លែង ភ្ញៀវទេសចរមានចំនួន៤០,៧៣៥នាក់ ស្រី២៦,៧៣៥នាក់ ក្នុងនោះមានទេសចរជាតិមានចំនួន៤០,៧៣២នាក់ ស្រី២៦,៨០៩នាក់ និងទេសចរអន្តរជាតិ មានចំនួន៣នាក់ ស្រី១នាក់។
សម្រាប់រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន ៩៦,៤៥២នាក់ ស្រី៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៩៦,៤៤៤នាក់ ស្រី៥៤,០០៤នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៨នាក់ ស្រី៣នាក់។ ប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា នៃពិធីបុណ្យភ្ជុំ ឆ្នាំ២០២១ ភ្ញៀវទេសចរមានការកើនឡើង ៩២.៤៨% (ទេសចរឆ្នាំមុន មានចំនួន៥០,១០៩នាក់)។
ប្រភពបានបន្ថែមទៀតថា មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នៅតែបន្តចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីត្រួតពិនិត្យក្នុងការរឹតបន្តឹងការអនុវត្ត វិធានការការពារ «៣កុំ ៣ការពារ» និងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា(SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ ។
ជាមួយគ្នានោះមន្ទីរបានជំរុញដល់អ្នកគ្រប់គ្រងគោលដៅទេសចរណ៍ ម្ចាស់អាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល សេវាឱ្យបានសមរម្យ។ ដោយឡែកសភាពការណ៍ទូទៅតាមសេវាកម្ម និងគោលដៅទេសចរណ៍ ប្រព្រឹត្តិទៅដោយរលូន ពុំមានបាតុភាពអ្វីកើតឡើងគួឱ្យកត់សំគាល់នោះទេ៕