(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ចេញដំណើរទៅប្រទេសស្វីស កាលពីយប់មិញ ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ ដែលហៅកាត់ថា ILO លើកទី១០៥ នៅទីក្រុងហ្សឺណែវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៩ ខែមិថុនា ឆ្នាំ២០១៦។
លោក អ៉ិត សំហេង បានលើកឡើងនៅលើទំព័រ Facebook របស់លោកថា ប្រទេសកម្ពុជាជាសមាជិកពេញសិទ្ធិ នៃក្រុមប្រឹក្សាភិបាលការងារ (ILO) សម្រាប់អាណត្តិ ឆ្នាំ២០១៤-២០១៧ ហើយក្នុងភាពជាដៃគូល្អជាមួយរដ្ឋសមាជិកនានា តួនាទីរបស់កម្ពុជា ក្នុងស្ថាប័ននេះ មានសារសំខាន់ខ្លាំងណាស់ ក្នុងការអនុម័តនូវកម្មវិធីការងារនានារបស់ ILO។
ក្នុងទំព័រហ្វេកប៊ុក លោកបានបន្តថា «ក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថានបេសកកម្មកម្ពុជា នៅក្រុងហ្សឺណែវ នឹងខឹតខំធ្វើការដោយការទទួលខុសត្រូវខ្ពស់ ទាក់ទងនឹងការចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការអន្តរជាតិ ខាងការងារ (ILO) លើកទី១០៥នេះ»។
លោក អ៉ិត សំហេង បានបញ្ជាក់បន្ថែមថា ក្នុងវេទិការនេះ លោកនឹងឡើងថ្លែងសុន្ទរកថា ទាក់ទងនឹងខ្លឹមសារសំខាន់ៗ រួមមាន៖ ទី១.គាំទ្ររបាយការណ៍របស់អគ្គនាយក ILO (the end to poverty initiative The ILO and the 2030 agenda), ទី២.វឌ្ឍនភាពនៃវិស័យការងាររបស់កម្ពុជា តាមរយៈកំណែទម្រង់ទាំង៥ចំណុច, ទី៣.ការអនុវត្តនូវគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥, ទី៤.ការបន្តកម្មវិធីការងារសមរម្យ (Decent work) ឆ្នាំ២០១៦-២០១៨, ទី៥.ការតម្លើងប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ, ទី៦.ការអនុវត្តច្បាប់ស្ដីពីសហជីព, និងទី៧.ការរៀបចំតុលាការការងារ ការរៀបចំយន្តការចូលរួមពិគ្រោះយោបល់ជាសកលលើលក្ខខណ្ឌការងារ (Global Deal)។
សូមបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូនៃក្រសួងការងារ នឹងមានកម្មវិធីជួបពិភាក្សាការងារជាមួយអគ្គនាយក និងអគ្គនាយករង របស់អង្គការ ILO ព្រមទាំងជួបពិភាក្សាជាមួយអង្គភាពជំនាញមួយចំនួន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសនោះគឺកិច្ចប្រជុំនេះ ក៏មានការចូលរួមពីត្រីភាគី ដែលមានតំណាងនិយោជក តំណាងសហជីព និងក្រសួងការងារផងដែរ៕