(ស្វាយរៀង)៖ ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តស្វាយរៀង មានភ្ញៀវទេសចរជាតិ ចូលមកដើរលេងកំសាន្ដនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តប្រមាណ៨៣៦៨នាក់។
បើតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តស្វាយរៀង បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងបងប្អូនពលរដ្ឋក្នុងខេត្ត ដែលដើរលេងកំសាន្ដតាមរមណីយដ្ឋាននានាមានចំនួន៤១៦៨នាក់ និងភ្ញៀវចូលមកលេងកម្សាន្តតាមអាហារដ្ឋាន អាងហែលទឹក និងគោលដៅទេសចរណ៍នានាក្នុងខេត្ត មានសរុប៤២០០នាក់។
ជាមួយគ្នានេះ ខេត្តស្វាយរៀង ក៏ជាខេត្តមួយដែលមិនសូវអំណោយផលរមណីយដ្ឋានបែបធម្មជាតិ បន្សល់ក្រៅតែពីរមណីយដ្ឋានតួប្រាង្គប្រាសាទបែកបាក់នៅក្នុងឃុំបាសាក់ ក្នុងសុ្រកស្វាយជ្រំ១កន្លែង និងតួប្រាង្គប្រាសាទជីហោ ដែលបែកបាក់១កន្លែង ស្ថិតនៅក្នុងឃុំគគីរ ក្នុងស្រុករមាសហែក សំរាប់ឲ្យពលរដ្ឋក្នុង និងក្រៅខេត្តចូលសិក្សាស្វែងយល់ពីប្រវត្តិនៃប្រាសាទ និងទស្សនាកំសាន្ត។
ទោះបីយ៉ាងណាខេត្តស្វាយរៀង ក្រោយពីស្ថានភាពជំងឺកូវីដ មានសភាពធូរស្រាល រដ្ឋបាលខេត្ត បានបង្កើតព្រឹត្តិការណ៍ប្រណាំងទូកនៅចុងខែតុលាខាងមុខនេះ ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក្នុងខេត្តក៏ដូចជាភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ដែលទាំងនេះក៏ដោយសារប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។
ទន្ទឹមនិងនេះ អាជ្ញាធរខេត្តស្វាយរៀង ក៏បានកសាងស្ថាបនាច្រាំងទន្លេវ៉ៃគោ ដ៏ស្រស់ស្អាតគួរជាទីគយគន់ និងមានកន្លែងដើរលេងកម្សាន្ត កន្លែងហាត់ប្រាណផងដែរ៕