(កំពង់ឆ្នាំង)៖ លោក ប៉ាត់ គន មេឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ប្រាប់ថា គិតមកដល់ថ្ងៃនេះ ផ្ទះប្រជាពលរដ្ឋចំនួន៦២ខ្នង ស្ថិតនៅក្នុងភូមិពាមខ្នង ត្រូវបានទឹកទន្លេឡើងលិច ដែលផ្ទះខ្លះត្រូវលិចពាក់កណ្ដាលផ្ទះ និងផ្ទះមួយចំនួនទៀតលិចពី២ទៅ៤តឹក។

ក្នុងហេតុការណ៍នេះប្រជាពលរដ្ឋជាម្ចាស់ផ្ទះ បានលើកធ្នើក្នុងផ្ទះឲ្យផុតទឹក ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។ បើតាមការអះអាងរបស់លោកមេឃុំ ទឹកទន្លេនៅតែបន្តឡើងជារៀងរាល់ថ្ងៃ។

លោកមេឃុំផ្លូវទូក បានបន្តឲ្យដឹងថា «ស្ថានភាពទឹកទន្លេពេលនេះនៅបន្តឡើងជារៀងរាល់ថ្ងៃនៅឡើយ ដូចនេះបើទឹកឡើងខ្លាំងទៀតនោះប្រជាពលរដ្ឋរងគ្រោះ អាចនឹងត្រូវជម្លៀសចេញទៅរកទីទួលសុវត្ថិភាព គឺវត្តថ្នល់ឈើទាល។ ក្នុងនាមអាជ្ញាធរឃុំផ្លូវទូកខ្ញុំសំណូមពរលោកអភិបាលស្រុក និងឯកឧត្តមអភិបាលខេត្ត មេត្តាជួយមានវិធានដោះស្រាយតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះផង»

ទាក់ទងនឹងករណីនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរសព្ទថា លោកនឹងចាត់លោក សាន់ យូ អភិបាលរងខេត្ត ចុះទៅពិនិត្យមើលជាបន្ទាន់ ដើម្បីដោះស្រាយតាមសភាពការណ៍ជាក់ស្ដែង៕