(តូក្យូ, ជប៉ុន)៖ ដូចអ្វីដែលបានគ្រោងទុកនៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋាភិបាលជប៉ុន បានរៀបចំបុណ្យថ្នាក់ជាតិជូនដល់សពរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែដើមខែកក្កដាកន្លងទៅ។ ពិធីបុណ្យត្រូវបានរៀបចំឡើងយ៉ាងអស្ចារ្យ ដើម្បីជាការផ្តល់តម្លៃ និងកិត្តិយសជូនដល់សពរបស់លោក អាបេ ដែលជាមេដឹកនាំដ៏ល្បាញល្បីមួយរូប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាមេដឹកនាំបណ្តាប្រទេសមួយចំនួនទៀត ក៏បានអញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធលោក អាបេ ដែលជាមិត្តភក្តិដ៏ល្អមួយរូបរបស់សម្តេចតេជោ ក៏ដូចជាប្រទេសកម្ពុជា។
ក្នុងឱកាសចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធសព និងឧទ្ទិសកុសលផលបុណ្យទាំងឡាយដល់វិញ្ញាណក្ខន្ធរបស់សព ប្រកបដោយក្តីក្រៀមក្រំ និងអាលោះអាឡៃជាទីបំផុត។
លោក អាបេ ស៊ីនហ្សូ មានអាយុ ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងម្នាក់មានអាយុ ៤១ឆ្នាំ បាញ់សម្លាប់ កាលពីថ្ងៃទី៨ ខែកក្កដា កំលុងពេលរូបលោកកំពុងចូលរួមក្នុងការធ្វើ យុទ្ធនាការឃោសនារកសំឡេងឆ្នោតមួយនៅឯទីក្រុងណារ៉ា ប្រទេសជប៉ុន។
លោក អេបេ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ខ្លួន លោក អាបេ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។
លោក អាបេ ត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។
មរណភាពរបស់លោក អាបេ បាននាំឱ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា សម្តែងការសោកស្តាយ និងសោកសៅជាទីបំផុត។
សម្ដេចតេជោ បានចាត់ទុកមរណភាព លោក អាបេ គឺជាការបាត់បង់មិត្តភក្កិម្នាក់ ដែលធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបាក។
ក្នុងលិខិតរំលែកមរណទុក្ខធ្វើឡើងពេលលោក អាបេ បានទទួលមរណភាពភ្លាមៗនោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ចំពោះមរណភាពរបស់ លោក អាបេ ស៊ីនហ្សូ។ សម្តេចតេជោ បានសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត។
សម្តេចតេជោ បានគូសរំលេចទៀតថា លោក អាបេ គឺជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។
សម្តេចតេជោ បានលើកឡើងក្នុងលិខិតខូលរួមរំលែកមរណទុក្ខនោះទៀតថា ក្នុងនាមជាមិត្តល្អយូរលង់ លោក អាបេ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេច ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ក្នុងនោះរួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣។ សម្តេចតេជោ បានគូសបញ្ជាក់ថា លោក អាបេ នឹងនៅតែទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់គាត់ ក៏នឹងត្រូវបានចងចាំជារៀងដរាប។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ បានរៀបចំពិធីបុណ្យថ្នាក់ជាតិ ជូនសពលោក អាបេ ដើម្បីផ្តល់ជាកិត្តិយស និងដឹងគុណចំពោះស្នាដៃរបស់លោក ដែលបានធ្វើសម្រាប់ប្រទេស និងប្រជាជនជប៉ុន ក្នុងពេលលោកដឹកនាំប្រទេស។ ពិធីបុណ្យនេះចំណាយថវិកាជិត ១២លានដុល្លារអាមេរិក។
ពិធីបុណ្យសពថ្នាក់ជាតិនេះ មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមជាង ៤,៣០០នាក់ ក្នុងនោះរួមមានប្រមុខរដ្ឋាភិបាលកំពុងកាន់តំណែងប្រមាណ ៤៨រូប៕