(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបក៏បានស្នើឲ្យ កូរ៉េនាំអ្នកវិនិយោគ មកខេត្តសៀមរាបឲ្យបានកាន់តែច្រើន និង សូម ឲ្យភាគីកូរ៉េ ជួយដាក់អំពូលភ្លើង ដែលប្រើដោយប្រព័ន្ធសូឡា នៅតាមផ្លូវសាធារណៈ ក្នុងភូមិ មិត្តភាព ភ្នំក្រោមស៊ូវ៉ុន។ លោក ឃឹម ប៊ុនសុង បានជំរុញឲ្យអគ្គកុងស៊ុល រកទីតាំងការិយាល័យសមរម្យ ដើម្បីអោយភ្ញៀវជាតិ និងអន្តរជាតិ ងាយស្រួលក្នុងការទំនាក់ទំនង។
ការស្នើរបស់អភិបាលខេត្តសៀមរាប បានធ្វើឡើង ក្រោយពីមានជំនួបរវាងលោក ជាមួយ លោក Park Sueng Gyoo អគ្គកុងស៊ុល សាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ដែលទើបចូលកាន់តំណែងក្នុងពេលថ្មីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ។
ជាការឆ្លើយតប ក្នុងការជួបសំណេះសំណាលនេះអគ្គកុងស៊ុលកូរ៉េ បានស្នើឲ្យលោក ឃឹម ប៊ុនសុង ជួយសម្រួលក្នុងការបញ្ចុះតម្លៃថ្លៃ VISA សម្រាប់ អ្នកវិនិយោគរបស់កូរ៉េ នៅខេត្តសៀមរាប ហើយបច្ចុប្បន្នមគ្គទេសក៍ទេសចរណ៍កូរ៉េ មានចំនួនមិនទាន់គ្រប់គ្រាន់សម្រាប់ភ្ញៀវកូរ៉េមកកាន់ខេត្តសៀមរាប។ អគ្គកុងស៊ុល ក៏បានសូមឲ្យមានការបណ្ដុះបណ្ដាលមគ្គទេសក៍ទេសចរណ៍កូរ៉េបន្ថែម ។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប សង្ឃឹមថា ក្រោយពីកូរ៉េបានបង្កើតកុងស៊ុលនៅខេត្តសៀមរាបរួចមកប្រទេសជាមិត្តផ្សេងៗនឹងមកបង្កើត កុងស៊ុលនៅខេត្តខេត្តសៀមរាប បន្ថែមទៀត៕