(ព្រះសីហនុ)៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលែងកម្សាន្ដនៅក្នុងខេត្តព្រះសីហនុ មានចំនួន ៨៤,៥៥៧នាក់។

បើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ខណៈដែលភ្ញៀវទេសចរនៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ ចាប់ពីឆ្នេរអូឈើទាលពីររហូត ដល់ជិតដើមឈើចាំស្នេហ៍ មានភ្ញៀវទេសចរមកពីបណ្តារាជធានី/ខេត្ត នៃព្រះជាណាចក្រកម្ពុជា បានចូលមកកម្សាន្តក្នុងខេត្តព្រះសីហនុ មានចំនួនច្រើនកុះករគួរឱ្យកត់សម្គាល់ ដោយក្នុងនោះក៏មានភ្ញៀវទេសចរយ៉ាងច្រើនបានក្រាលកន្ទេលអង្គុយលេង នៅតាមបណ្តោយឆ្នេរសាធារណៈដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនាពេលកន្លងមក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីត្រៀមទទួល ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ នៅតាមបណ្តោយឆ្នេរសមុទ្រ និងទីសាធារណៈនានាជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយក្នុងភូមិសាស្ត្រនៃខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។

របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំ បិណ្ឌរយៈពេល៣ថ្ងៃ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅនេះ គឺមានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៨៤,៥៥៧នាក់ កើនឡើង ៥.០១% ដោយក្នុងនោះមាន៖

*ភ្ញៀវជាតិ ៨២,០០១នាក់ កើនឡើង ៥.០៣%
*ភ្ញៀវបរទេសសរុប ២,៥៥៦នាក់ កើនឡើង ៤.៤១%

ចំណែកប្រភពភ្ញៀវ និងភ្ញៀវទៅសម្រាកកម្សាន្តនៅតាមគោលដៅទេសចរណ៍មានដូចខាងក្រោម៖

ទី១៖ មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុចំនួន ៥ជើង ស្មើនឹង ២០០នាក់ កើនឡើង១០០% ជាតិ ៥នាក់កើនឡើង១០០% និងអន្តរជាតិ ១៩៥នាក់ កើនឡើង១០០% (ដោយក្នុងឆ្នាំ២០២១ ពុំមានយន្តហោះដំណើរការនោះទេ)។

ទី២៖ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាមានភ្ញៀវសរុប ៩០៩នាក់ ថយចុះ ២៦,៨១% ក្នុងនោះ

*ភ្ញៀវជាតិ ៦២១នាក់ ថយចុះ ១៩.៤៦%
*ភ្ញៀវបរទេស ២៨៨នាក់ ថយចុះ ៣៨.៨៥%

ទី៣៖ ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា មានភ្ញៀវសរុប ៨៣,៤៤៨នាក់ កើនឡើង៥,២៦% ក្នុងនោះ៖

*ភ្ញៀវជាតិ ៨១,៣៧៥នាក់ កើន ឡើង៥,២៧%
*ភ្ញៀវបរទេស ២,០៧៣នាក់ កើន ឡើង៥,០២%។

ជាមួយគ្នានេះដែរ គណៈបញ្ជាការដ្ឋបាលខេត្តព្រះសីហនុសង្ឃឹម និងជឿជាក់ថាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្ត គឺពោរពេញដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាពទាំងអស់នេះដោយក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋទើបយើងមានភាពសប្បាយរីករាយ ដូចពេលនេះ តាមរយៈការបើកប្រទេសឡើងវិញ និងត្រូវតែបន្តអនុវត្តន៍ «៣កុំ និង៣ការពារ» ជានិច្ច ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា៕