Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនគ្រោងផ្ដល់ជំនួយ មកកម្ពុជាជាង៣០០០លានយ័នទៀត ដើម្បីជួយការអភិវឌ្ឍនៅកម្ពុជា

06-06-2016 14:17

(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចជំនួបពិភាក្សាជាមួយ លោក លី ស៊ីមិញ អនុរដ្ឋមន្ដ្រីក្រសួងការបរទេសចិន នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា «ចិនសន្យាថានឹងផ្ដល់ជំនួយ ជាង៣០០០លានយ័នទៀត ដើម្បីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ នាពេលខាងមុខនេះ មិនគ្រាន់តែទ្វេភាគីប៉ុណ្ណោះទេ ទាំងក្នុងក្រមខ័ណ្ឌអាស៊ាន ទាំងក្នុងក្រមខ័ណ្ឌឡាងឆាងមេគង្គ»។

ក្នុងនោះដែរ លោកឧបនាយរដ្ឋមន្ដ្រី បានបន្ថែមថា កន្លងមកចិនបានផ្ដល់ជំនួយមកកម្ពុជា ប្រមាណ២០០០លានដុល្លារ រួចមកហើយ ក្នុងការវិនិយោគលើវិស័យវារីអគ្គីសនី ដែរក្នុងនោះវារីអគ្គីសនី៦បានសាងសង់រួចរាល់ហើយ។

ឧបនាយករដ្ឋមន្ដ្រី បន្ដថា វារីអគ្គីសនី៦កន្លែង ដែលបានបើកដំណើរការរួចមកហើយ វាបានបញ្ចុះថ្លៃអគ្គីសនីនៅកម្ពុជាយ៉ាងល្អប្រសើរ ផងដែរ ចំពោះវារីអគ្គីសនីទី៧ ដែរកំពុងតែដំណើរការសាងសង់នៅទន្លេសេសានទី២នេះ ក៏ស្ថិតនៅក្រោមជំនួយរបស់ចិនផងដែរ៕