(តូក្យូ, ជប៉ុន)៖ ក្នុងជំនួបពិភាក្សាការងារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឆាឡែស មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាជាច្រើនលើបញ្ហាប្រឈមរបស់ពិភពលោកនាពេលបច្ចុប្បន្ន មានដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន សមុទ្រចិនខាងត្បូង និងបញ្ហារបស់មីយ៉ាន់ម៉ាផងដែរ។ ការផ្លាស់ប្តូរទស្សនៈបានធ្វើដោយត្រង់ទៅត្រង់មក ហើយទស្សនទានរបស់សម្តេចតេជោ និងលោក ឆាឡែស មីឆែល គឺប្រហាក់ប្រហែលនឹងគ្នា ចំពោះដំណោះស្រាយលើបញ្ហាទាំងអស់នេះ។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ឆាឡែស មីឆែល និងគណៈប្រតិភូ។ សម្តេចតេជោ បានជម្រាបអំពីការអញ្ជើញចូលរួម និងការថ្លែងសុន្ទរកថា ប្រជុំមហាសន្និបាតរបស់អង្គកាសហប្រជាជាតិលើកទី៧៧ ក៏ដូចជាដំណើរទស្សនកិច្ចទៅប្រទេសគុយបាផងដែរ។
សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចពិតជារីករាយចំពោះការបានជួបពិភាក្សាជាមួយលោក ឆាឡែស មីឆែល នៅទីក្រុងតូក្យូ ហើយសម្តេចក៏អញ្ជើញលោក ឆាឡែស មីឆែល ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ាន-ពិភពលោក នាខែវិច្ឆិកា ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរថា សម្តេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប ដែលនឹងធ្វើឡើងនៅទីក្រុងប្រុចសែល ប្រទេសប៊ែលហ្ស៉ិក នៅខែធ្នូ ឆ្នាំ២០២២ តាមការអញ្ជើញរបស់សហភាពអឺរ៉ុប។
លោកប្រធានក្រុមប្រឹក្សាបានថ្លែងអំណរគុណសម្តេចតេជោ និងប្រកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នាខែវិច្ឆិកា ខាងមុខនេះ។
ក្នុងជំនួបនេះសម្តេចតេជោ និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បានពិភាក្សាផ្លាស់ប្តូរមតិជុំវិញសភាពការណ៍សង្គ្រាមនៅអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាសន្តិភាពនៅមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហាទូទៅរបស់ពិភពលោកផងដែរ។
ពាក់ព័ន្ធបញ្ហារបស់មីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចជួយដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ កម្ពុជា ប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែការវិវឌ្ឍបញ្ហាតំបន់ និងពិភពលោក រួមទាំងបញ្ហារបស់មីយ៉ាន់ម៉ាផងដែរ។ សម្រាប់បញ្ហាមីយ៉ាន់ម៉ា ទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក្តី តែសម្តេចតេផ្ទាល់ក្នុងនាមជាប្រធានអាស៊ាន បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហា។
ពាក់ព័ន្ធសមុទ្រចិនខាងត្បូង សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបថា ឆ្នាំ២០២២នេះ គឺជាខួបទី២០ឆ្នាំ នៃការចុះកិច្ចព្រមព្រៀងរវាងចិន និងអាស៊ាន លើសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិនៃភាគីពាក់ព័ន្ធក្នុងបញ្ហាសមុទ្រចិនខាងត្បូង (DOC) ពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០០២។ ពេលនេះអ្វីដែលសម្តេចចង់ឃើញនោះ គឺការអនុវត្តន៍ឱ្យបានពេញលេញនូវ DOC នេះ និងខិតខំជំរុញការចរចា ដើម្បីសម្រេចឱ្យបាននូវក្រមប្រតិបត្តិលើបញ្ហាសមុទ្រចិនខាងត្បូង (COC) ទោះបីមានការលំបាកយ៉ាងណាក៏ដោយ។ ជាពិសេសជំរុញកិច្ចសហការណ៍រវាងអាស៊ាន និងចិន ក្នុងការដោះស្រាយបញ្ហានេះ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរអំពីបញ្ហារបស់អឺរ៉ុប ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។
លោក ឆាឡែស មីឆែល បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានចែករំលែកទស្សនទានដោយត្រង់ទៅត្រង់មក ហើយមានលក្ខណៈស្រដៀងគ្នាជាមួយរូបលោក លើបញ្ហាខាងលើ។
លោក ឆាឡែស មីឆែល ក៏បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអញ្ជើញរូបលោកទៅចូលរួមកិច្ចប្រជុំនៅកម្ពុជា និងការប្រកាសអញ្ជើញចូលរួមរបស់សម្តេចក្នុងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប នៅប្រទេសប៊ែលហ្សិក នាខែធ្នូខាងមុខ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានគូសរំលេចដែរថា កិច្ចសហប្រតិបត្តិការអាស៊ាន និងអឺរ៉ុប គឺជាកិច្ចសហប្រតិបត្តិការមួយដ៏មានសារៈសំខាន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត៕