(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃទី៦ ខែមិថុនានេះបានជំរុញ លើកទឹកចិត្តឲ្យ ក្រុមហ៊ុនបារាំង មកធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន នៅកម្ពុជា ពិសេសលើប្រព័ន្ធដឹកញ្ជូនផ្លូវដែក។
ការជំរុញរបស់លោក ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាសដែល លោកបានជួបពិភាក្សាការងារជាមួយ លោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានការអមដំណើរដោយ លោក Philippe Chatignoux ទីប្រឹក្សាសេដ្ឋកិច្ចស្ថានប្រចាំទូតបារាំង និងលោក Philippe Steinmetz នាយក ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ប្រចាំប្រទេសឡាវ និងកម្ពុជា នៅទីស្តីការក្រសួងសាធារណការ នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្នុងជំនួននោះថា «ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យមានការ គាំទ្របន្ថែមពីស្ថានទូត ក្នុងការជំរុញលើកទឹកចិត្ត ឲ្យបណ្តាក្រុមហ៊ុនបារាំង មកវិនិយោគលើ សេវាចំណតរថយន្ត ការដឹកជញ្ជូនក្នុងក្រុង ប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ការដឹកជញ្ជូនសាធារណៈ និងប្រព័ន្ធផ្លូវដែកសម្រាប់រថភ្លើង ធុនស្រាល។ ទាំងនេះគឺជា ឱកាសដ៏ល្អសម្រាប់វិនិយោគិន ហើយក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ របស់កម្ពុជាផងដែរ»។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូន ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ អំពីការធ្វើកំណែទម្រង់ថ្មីៗ ដែលកំពុងដំណើរការ នៅក្រសួងដូចជា៖ ការកាត់បន្ថយតម្លៃដឹកជញ្ជូន យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធ្វើវិមជ្ឈការ ចុះបញ្ជីប័ណ្ណបើកបរ ការរៀបចំរចនាសម្ព័ន្ធអង្គការលេខឡើងវិញ និងការត្រួតពិនិត្យរថយន្ត ដឹកទំនិញលើសទម្ងន់កំណត់ជាដើម។
ដោយឡែក លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ ចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ និងបានឆ្លៀតឱកាស សម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឲ្យប្រសើរឡើង និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រទេសបារាំង៕