(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បណ្តាខេត្តពាយព្យប្រទេស មានដូចជាខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ដោយសារតែឥទ្ធិពលព្រុះ និងសម្ពាធទាប។ ក្រសួងបានឱ្យដឹងទៀតថា កម្រិតទឹកភ្លៀង បូករួមជាមួយទឹកហូរធ្លាក់ពីថៃផងនោះ នឹងធ្វើឱ្យបណ្តាខេត្តទាំងនេះ បង្កឱ្យមានជំនន់ទឹកភ្លៀង និងជំនន់ដោយបរិមាណទឹកហួសកម្រិត។

ក្នុងសេចក្តីប្រកាសព័ត៌មានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា យោងតាមការវិវត្តជាក់ស្ដែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឱ្យឃើញថា កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីន នឹងធ្វើឱ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។ តាមការព្យាករ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ ព្យុះណូរុ នឹងវិវត្តទៅជាព្យុះទីហ្វុង TY នៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម។

ក្រសួងបន្តថា ព្យុះនេះ នៅពេលឆ្លងកាត់ប្រទេសវៀតណាម និងអាងទន្លេមេគង្គប្រទេសឡាវ និងថៃ នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានថមថយឥទ្ធិពលបន្តបន្ទាប់ជាព្យុះកម្រិត IS វិសម្ពាធ ID និងសម្ពាធទាប។ ជាមួយគ្នានោះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខ្យល់មូសុងនិរតី នឹងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។

ក្រសួងបានបញ្ជាក់ថា លក្ខណៈនេះ នឹងធ្វើឱ្យកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បណ្តាខេត្តនៅភាគពាយព្យ មានជាអាទិ៍ ៖ ខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាបបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង (I-lash flood)និងជំនន់ដោយបរិមាណទឹកហួសកម្រិត (Overflow)។

ចំណែកបណ្ដាខេត្តដទៃទៀត និងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើកលែងតែបណ្ដាខេត្តជាប់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលអាចមានភ្លៀងធ្លាក់ច្រើន។ នៅលើផ្ទៃសមុទ្រវិញ ក៏នឹងមានភ្លៀងច្រើនខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។ ទន្ទឹមនេះ ភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេមេគង្គ មានការងើបកើនឡើងវិញជាបន្តបន្ទាប់។

ក្រសួងធនធានទឹក និងឧតុនិយម ស្នើដល់អាជ្ញាធរពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះបណ្តាខេត្តភាគពាយព្យប្រទេសមានដូចជាឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង់ សៀមរាប និងកំពង់ធំផង កំពុងជួបការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ៕