(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានបញ្ចេញវិដេអូថ្មីមួយថា ពាក់ព័ន្ធការជ្រើសរើសអ្នកបន្តក្នុងវង្សត្រកូលអ្នកនយោបាយ ត្រូវបាន «ក្រុមអ្នកវិភាគបែបស៊ីអារម្មណ៍» គេនាំគ្នាលើកឡើងមកជជែកគ្នាមិនចេះដាច់ បើទោះបីក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ហើយ «អ្នកវិភាគបែបស៊ីអារម្មណ៍» គឺគេកំណត់លទ្ធផលចុងក្រោយ តាមការចង់បានរបស់គេ គេមិនខ្វល់ពីបញ្ហានោះទេ, ពោលគឺខុសពីអ្នកវិភាគបែបវិទ្យាសាស្រ្ត ដែលគេប្រមូលទិន្នន័យគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការវិភាគ និងទាញការសន្និដ្ឋាន មានហេតុផលត្រឹមត្រូវ តាមបែបវិទ្យាសាស្រ្ត។

តាមរយៈវិដេអូរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញនៅលើបណ្តាញសង្គមបានលើកឡើងថា «មានអ្នកវិភាគបែបស៊ីអារម្មណ៍ គឺយកអារម្មណ៍របស់ខ្លួនឯងដើម្បីបញ្ចេញលទ្ធផល​ ហើយយកការស្រាវជ្រាវដើម្បីបង្រ្គប់កិច្ច ចំពោះអ្នកវិភាគស្រាវជ្រាវបែបវិទ្យាសាស្រ្ត គេអត់ដឹងលទ្ធផលយ៉ាងម្តេចទេ អាចមានការសន្និដ្ឋានខ្លះគឺគេទៅយកទិន្នន័យផ្លូវការទាំងអស់មកវិភាគ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអះអាងយ៉ាងដូច្នេះថា «នៅលើពិភពលោកនេះ មិនមែនជារឿងចម្លែកទេ ដែលកូនចៅរបស់អ្នកនយោបាយ បានទទួលយកអាជីពជាអ្នកនយោបាយហើយ ពេលខ្លះបានក្លាយទៅជាប្រធានាធិបតី នាយករដ្ឋមន្រ្តី ឬជាសមាជិកសភា ឬកាន់តួនាទីនៅក្នុងរដ្ឋ ឥឡូវវាមានអីខុស ដែលមនុស្សនៅក្នុងវង្សត្រកូលអ្នកនយោបាយ ចាប់អាជីពជាអ្នកនយោបាយ មានអីខុសសម្រាប់មនុស្សនៅក្នុងអាជីពអ្នករកស៊ី អ្នកធុរកិច្ច ចាប់អាជីពជាអ្នកធុរកិច្ច តើវាមានអីខុស បើឪពុកម្តាយជាទាហាន ជាប៉ូលិសដែលកូនមកចង់ចូលទាហាន ប៉ូលិស មានអីខុស យើងចូលតាមនិតីវិធី ឲ្យតែត្រូវតាមគោលការណ៍ ហើយខ្ញុំដែលទទួលបានជាបេក្ខជន ជាបេក្ខភាពបន្តទៅថ្ងៃមុខ គឺគ្មានអីខុសពីគោលការណ៍ ដែលបានអនុវត្តនៅក្នុងប្រទេសយើង»

បេក្ខជននាយករដ្ឋមន្រ្តីនាថ្ងៃអនាគត លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមតាមរយៈសំណេរយ៉ាងដូច្នេះថា «ក្នុងមួយរយៈនេះមានការធ្វើអត្ថាធិប្បាយ ជាហូរហែរក្នុងន័យអវិជ្ជមានដោយបុគ្គលនយោបាយមួយចំនួន ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនបន្តវេន្តរបស់គណបក្សប្រជាជនកម្ពុជាឥតឈប់ឈរ រួមទាំងក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌផងដែរ។ ខ្ញុំទទួលស្គាល់ថានោះជាសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ពួកគាត់ ទោះបីជាគាត់ធ្វើក្នុងក្របខ័ណ្ឌនៃយុទ្ធនាការអវិជ្ជមាន (negative campaign) ប្រឆាំងរូបខ្ញុំក៏ដោយ។

ខ្ញុំសូមយកឱកាសបន្តិចក្រោយពិធីបុណ្យភ្ជុំបិណ្ឌដើម្បីបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំលើប្រធានបទពីរ ដើម្បីជូនលោកតា លោកយាយ លោកអ៊ុំពូមីង បងប្អូនបានស្តាប់ និងធ្វើការវិនិច្ឆ័យចុះ៖

១. ភាពខុសគ្នារវាងការវិភាគបែបវិទ្យាសាស្រ្ត និងការវិភាគបែបស៊ីអារម្មណ៍
២. ការបន្តវេន្តក្នុងវង្សត្រកូលអ្នកនយោបាយ

សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត៖