(ភ្នំពេញ)៖ ក្រោយមេឃភ្លៀងមួយមេធំ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានបណ្តាលឲ្យលិចផ្លូវមួយចំនួន ដូចជា ផ្លូវសុធារស ផ្លូវរដ្ឋសភា ផ្លូវភ្លោះណាហ្គាវេីល ផ្លូវមុខអាគារ The Brige។
បន្ទាប់ពីមើលឃើញស្ថានភាពបែបនេះ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងប្រជាការពារ ចុះកាយសំរាមតាមមាត់លូ នៅផ្លូវសុធារស និងផ្លូវរដ្ឋសភា ដើម្បីបើកមុខទឹកឲ្យហូរបានលឿនជាងមុន បញ្ចៀសនូវការលិចលង់លើផ្លូវសំខាន់ៗទាំងនោះ។
ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ យករថយន្តបូមទឹក មកបូមតាមមាត់លូនៅបណ្តោយផ្លូវរដ្ឋសភា និងរង្វង់មូលជួនណាតផងដែរ។ មិនបានប៉ុន្មានម៉ោងក្រោយ ស្ថានភាពលិចលង់ទាំងអស់នោះ ក៏បានវិលត្រឡប់មកសភាពល្អប្រសើរវិញផងដែរ ដោយទឹកស្រកអស់ពីផ្លូវ។
សូមបញ្ជាក់ថា ស្ថានភាពទឹកភ្លៀងនេះ នៅស្ថានីយ៍បឹងត្របែក ទឹកមានកម្ពស់៥.៥០ម៉ែត្រ ហើយអាជ្ញាធរបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន៧គ្រឿង ខណៈទឹកភ្លៀងបានលិចតាមផ្លូវ១០៥ ជាប់ប្រឡាយបឹងត្របែកមួយផ្នែក និងលិចផ្ទះនៅតំបន់សហគមន៍រុងរឿង សង្កាត់ផ្សារដេីមថ្កូវផងដែរ។
សូមរំលឹកថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា កម្ពុជានឹងទទួលរងនូវឥទ្ធិពលសម្ពាធទាប នៃព្យុះទី១៦ ឈ្មោះ ណូរុ មកពីប្រទេសហ្វីលីពីន បណ្ដាលឲ្យមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៕