(ភ្នំពេញ)៖ ក្រោយពីឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ត្រូវបានបិទបញ្ចប់នោះ ប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើដំណើរពីតាមបណ្ដាខេត្តផ្សេងៗ ចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីត្រៀមចូលធ្វើការ ឬប្រកបអាជីវកម្មរបស់ពួកគាត់ឡើយវិញ។
ជាមួយនឹងការសម្រុកធ្វើដំណើរពីតាមបណ្ដាខេត្ត ចូលមកកាន់រាជធានីភ្នំពេញ ពិសេសនៅរសៀល រហូតដល់យប់នេះ បានបណ្ដាលឲ្យផ្លូវជាតិសំខាន់ៗមួយចំនួន ជួបនូវការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ដោយសារតែមានមធ្យោបាយច្រើន។
ច្រកចូលរាជធានីភ្នំពេញសំខាន់ៗ ដែលជួបនូវការកកស្ទះចរាចរណ៍នោះរួមមាន៖
* ផ្លូវជាតិលេខ៦អា កកស្ទះពីស្ពានព្រែកតាមាក់ រហូតដល់ផ្លូវបំបែកទៅស្ពានលីយ៉ុងផាត់
* ផ្លូវជាតិលេខ៥ កកស្ទះពីម្ដុំយឿត្រីព្រែកព្នៅ រហូតដល់ក្រោមស្ពានព្រែកព្នៅ
* ផ្លូវជាតិលេខ៧ កកស្ទះនៅមាត់ឃ្មង់ ខេត្តត្បូងឃ្មុំ រហូតដល់ត្រើង ខេត្តកំពង់ចាម
* ផ្លូវជាតិលេខ៦ កកស្ទះនៅម្ដុំស្រុកស្ទោង ខេត្ដកំពង់ធំ (កត្តារួមផ្សំដោយសារទឹកជំនន់ហូរកាត់ផ្លូវជាតិ)
* ផ្លូវជាតិលេខ១ កកស្ទះនៅម្ដុំស្ពានអ្នកលឿង
* ផ្លូវជាតិលេខ៣ កកស្ទះនៅម្ដុំផ្សារត្រាំខ្នារ។
យ៉ាងណាមិញ នៅតាមបណ្ដាផ្លូវដែលជួបនូវការកកស្ទះចរាចរណ៍នោះ ក៏ឃើញមានវត្តមានរបស់កម្លាំងសមត្ថកិច្ច រួមជាមួយអាជ្ញាធរពាក់ព័ន្ធឈរសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរផងដែរ។
ជាមួយគ្នានេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកបញ្ជាយានយន្ដផ្សេងៗ ត្រូវមានស្មារតីអត់ធ្មត់ យោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដើម្បីអាចកាត់បន្ថយនូវការកកស្ទះបានមួយចំនួនផងដែរ បើទោះបីមធ្យោបាយធ្វើដំណើរតាមដងផ្លូវមានច្រើនយ៉ាងណាក្ដី៕