(គូឡាឡាំពួរ)៖ អ្នកជំនាញខាងរចនាក្រាហ្វិក និងជាវិចិត្រការម្នាក់ឈ្មោះ Fahmin Reza ត្រូវបានប៉ូលិសចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការទីក្រុងគូឡាឡាំពូរ នៅថ្ងៃចន្ទនេះ ជុំវិញករណីដែលរូបលោក បានគូររូបត្លុកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាស្សាក់ ដែលត្រូវបានចាត់ទុកជាការមើលងាយ ដល់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជាតិ។ នេះបើតាមការចេញផ្សាយនៅរសៀលថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១៦ ដោយ Channel News Asia នៅមុននេះបន្តិច។
លោក Fahmi ក៏បានទទួលរងការចោទប្រកាន់ផ្សេងទៀតដែរ នៅក្នុងមាត្រា ២៣៣ នៃច្បាប់ស្តីពី សកម្មភាពទំនាក់ទំនង និង ប្រព័ន្ធព័ត៌មានឆ្នាំ ១៩៩៨ នៅក្នុងរដ្ឋ Perak កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ។ នៅក្នុងមាត្រា ២៣៣ នោះបានហាមឃាត់មិនឲ្យមានការប្រើប្រាស់បណ្តាញ ផ្សព្វផ្សាយ ក្នុងការទាក់ទាញ ឬពង្រក់ឲ្យមានការស្អប់ ព្រមទាំងរុកគួនកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ អ្នកដទៃនោះឡើយ ទោះក្នុងសកម្មភាពបែបណាក៏ដោយ។
គួរបញ្ជាក់ថា ប្រសិនបើតុលាការម៉ាឡេស៊ី សម្រេចយល់ព្រមតាមការចោទប្រកាន់មែននោះ វិចិត្រករ ខាងលើនេះអាចជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងក៏អាចត្រូវពិន័យជាប្រាក់ ១២,២០០ ដុល្លារ អាមេរិកផងដែរ។ លោក Fahmi បានបង្ហោះរូបត្លុកលោកនាយករដ្ឋមន្ត្រី កាលពីខែមករា ឆ្នាំ២០១៦ ដើម្បីប្រាប់មហាជនថាមេដឹកនាំនេះជាមនុស្សពុករលួយ ហើយថែមទាំងបានពង្វក់ឲ្យប្រជាជន ម៉ាឡេស៊ីងើបឡើងដោយក្លាហាន ដើម្បីបញ្ចេញមតិយោបល់លើបញ្ហានេះទៀតផង៕