(សៀមរាប)៖ លោក ទៀ សីហា ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារនាំយកអំណោយចុះចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៤៨៥គ្រួសារ នៅក្នុងស្រុកអង្គរជុំចំនួន ១៣២គ្រួសារ និងស្រុកស្រីស្នំ ចំនួន ៣៥៣គ្រួសារ។
លើកឡើងនាឱកាសនោះលោក ទៀ សីហា ក៏បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោក ទៀ សីហា បានលើកទៀតថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលនេះ គឺអាចជួយសម្រាលទុក្ខលំបាលរបស់លោកយាយ លោកតា ប្រជាពលរដ្ឋ បានមួយរយៈខ្លីក៏ពិតមែន តែនេះជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយប្រជាពលរដ្ឋជានិច្ច ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
លោកក៏បានអំពាវនាវដល់លោកយាយ លោកតា ប្រជាពលរដ្ឋ សូមទៅទទួលយកនូវការចាក់វាក់សាំងការពារជំងឺកូវីដ១៩បន្តទៀត ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ១៩ជាសកល ក៏ដូចជានៅក្នុងប្រទេសកម្ពុជា នៅតែព្រួយបារម្ភអំពីការរាតត្បាតនៃជំនេះនៅឡើយ។
សូមជម្រាបថា អំណោយមនុស្សធម៌ដែលផ្ដល់ជូនដល់ពលរដ្ឋចំនួន ៤៨៥គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល។
ជាមួយនេះដែរបន្ទាប់ពីជួបសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌ជូនដល់លោកយាយ លោកតា ប្រជាពលរដ្ឋរួច លោក ទៀ សីហា ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកក្នុងភូមិសាស្ត្រមួយចំនួនក្នុងស្រុកអង្គរជុំ ស្រុកក្រឡាញ់ និងស្រុកស្រីស្នំផងដែរ៕