(ភ្នំពេញ)៖ តុល្យការចុងក្រោយ នៃប្រតិបត្តិការស្រាវជ្រាវរុករកមនុស្ស ក្នុងហេតុការណ៍លិចទូកកណ្ដាលផ្ទៃសមុទ្រ នៅខេត្តព្រះសីហនុ គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសល់មនុស្សចំនួន៨នាក់ទៀត មិនទាន់ត្រូវបានរកឃើញនៅឡើយទេ ខណៈអ្នកដែលសង្គ្រោះបានមានចំនួន៣៣នាក់ ប៉ុន្ដែក្នុងនោះស្លាប់៣នាក់។
លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ក្នុងចំណោមមនុស្សទាំង៣៣នាក់ ដែលត្រូវសង្គ្រោះបាននោះ កម្ពុជារកឃើញចំនួន២៤នាក់ ក្នុងនោះស្លាប់៣នាក់ (ស្រី១ ប្រុស២) និងវៀតណាម ជួយសង្គ្រោះបានចំនួន៩នាក់។
លោកឧត្តមសេនីយ៍ឯក ទូច ពលៈ បានថ្លែងយ៉ាងដូច្នេះថា «ប្រតិបត្តិការតាំងពីកើតហេតុ រហូតមកដល់ពេលនេះ យើងរកឃើញចំនួន២៤នាក់ ក្នុងនោះស្លាប់៣នាក់ ស្រី១ ប្រុស២ និងវៀតណាមជួយសង្គ្រោះបាន៩នាក់។ ដោយឡែក ជនរងគ្រោះនៅសល់៨នាក់ទៀត»។
ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹករូបនេះ បានបញ្ជាក់ទៀតថា នៅពេលនេះនាយកដ្ឋានបន្ដប្រើប្រាស់នូវមធ្យោបាយចំនួន៣គ្រឿង ដើម្បីស្រាវជ្រាវរុករកជនរងគ្រោះដែលនៅសេសសល់យ៉ាងយកចិត្តទុកដាក់បំផុត។
គួរជម្រាបថា ហេតុការណ៍លិចទូកដែលផ្ទុកមនុស្សចំនួន៤១នាក់នេះ បានកើតមានឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចជំនាញលើផ្ទៃទឹក បានរួមដៃគ្នាចេញជួយអន្ដរាគមន៍សង្គ្រោះភ្លាមៗ។
ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស មកពីខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់។
ជាការលើកទឹកចិត្ត រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមសង្គ្រោះ និងប្រជានេសាទទាំងឡាយណា ដែលបានជួយសង្គ្រោះជនរងគ្រោះម្នាក់ នឹងទទួលបានថវិកាចំនួន២លានរៀលផងដែរ៕