(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនក្រុមសកម្មជនដីធ្លីចំនួន៧នាក់ (ស្រ្តីទាំងអស់) ដែលពួកគេស្លៀកពាក់ពណ៌ខ្មៅហើយលើកបដាស្រែកតវ៉ា នៅមុខពន្ធនាគារព្រៃស ដើម្បីចង់ឲ្យមានការដោះលែងមន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប ទាំង៥នាក់ ដែលកំពុងជាប់ឃុំឃាំង។
លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា «នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង១០.០០នាទី នៅចំណុចចផ្លូវបេតុង ភូមិត្រពាំងសាលា សង្កាត់ពងទឹក និងមុខផ្លូវចូលមណ្ឌលអប់រំកែប្រែព្រៃស(ម១) សកម្មជនសហគមន៍ដីធ្លី៧នាក់ មានបំណងធ្វើដំណើរមកមណ្ឌលអប់រំកែប្រែព្រៃស(ម១) មធ្យោបាយៈ ម៉ូតូ០២គ្រឿង ម៉ូតូកង់បី០១គ្រឿង។ ប៉ុន្តែកម្លាំងនគរបាលយើង សហការជាមួយកម្លាំងសណ្តាប់ធ្នាប់ បានធ្វើការហាមឃាត់ឲ្យត្រឡប់ថយក្រោយ តែមិនព្រម ពេលនោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការ ជាមួយកម្លាំងព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនមេក្លោងដែលរឹងរុះចំនួន៧នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ»។
បើតាមអធិការរូបនេះ គិតត្រឹមវេលាម៉ោង ១២៖៥០នាទីរសៀលថ្ងៃនេះ ពួកគេទាំង៧នាក់ កំពុងស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំសិន និងមាននីតិវិធីបន្តទៀត។
សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៧នាក់រួមមាន៖ ទី១-ឈ្មោះ អ៊ីម ស្រីទូច ភេទស្រី អាយុ៤៤ឆ្នាំ (ថ្មគោល) ទី២-ឈ្មោះ ជុំ ង៉ាន់ ភេទស្រី អាយុ ៤៥ឆ្នាំ (បុរីកីឡា)ទី៣-ឈ្មោះ ច្រាយ នីម ភេទស្រី អាយុ៣៨ឆ្នាំ (ថ្មគោល) ទី៤-ឈ្មោះ ង៉ូវ ណារី ភេទស្រី អាយុ៥៦ឆ្នាំ (បុរីកីឡា) ទី៥-ឈ្មោះ ហុីម ស្រីមុំ ភេទស្រី អាយុ៣៦ឆ្នាំ (ភ្នំពេញថ្មី) ទី៦-ឈ្មោះ សោម សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ (បុរីកីឡា) និង៧-ឈ្មោះ ជិន ស្រុីន ភេទស្រី អាយុ៦៨ឆ្នាំ (បុរីកីឡា)។
សូមបញ្ជាក់ថា ក្រុមសកម្មជនដីធ្លីទាំងនេះ បានយកថ្ងៃចន្ទ សម្រាប់ស្លៀកពាក់ខ្មៅក្នុងយុទ្ឋនាការ «ថ្ងៃចន្ទអាវខ្មៅ» ដើម្បីទាមទារឲ្យមានការដោះលែងតំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំងនិងក្រុមសង្គមស៊ីវិល ពិសេសមន្ត្រីអង្គការអាដហុកនិង គ.ជ.ប៕