(កំពង់ធំ)៖ ប្រជាពលរដ្ឋជួបការលំបាកចំនួន១០០០គ្រួសារ នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំបានទទួលអំណោយពីម្ចាស់ក្រុមហ៊ុនគ្រួសារ ខេភី ម៉ន ដានី ក្នុងថ្ងៃភ្ជុំបិណ្ឌថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានលោកឧកញ៉ា ផង់ផាន់ ឃុនថាវង្ស និងលោកស្រី ម៉ន ដានី និងមានការចូលរួមពីលោក សាយ កឹមឡម អភិបាលស្រុកស្ទោង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកស្រី ម៉ន ដានី បានថ្លែងថា អំណោយពេលនេះជាការចូលរួមអបអរសាទរបុណ្យភ្ជុំបិណ្ឌ និងជាការរួបរួមសាមគ្គីគ្នាក្នុងនាមឈាមជ័រខ្មែរដូចគ្នា ក្នុងការលើកម្ពស់ជីវភាពបងប្អូនបានមួយកម្រិតហើយក្រុមហ៊ុនមិនត្រឹមតែបានធ្វើការវិនិយោគទៅលើដីឡូត៍ដែលមានការលក់ជូនអតិថិជនតែប៉ុណ្ណោះទេ ក្រុមហ៊ុនបានចូលរួមជាមួយនឹងរដ្ឋបាលស្រុកដូចជាបានផ្ដល់ជូននូវអង្ករ ទឹកសុទ្ធ ថវិកាជាច្រើនដើម្បីចែកជូនប្រជាពលរដ្ឋជាមនុស្សធម៌ផងដែរ។
លោកស្រីបន្តថា ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាករបស់បងប្អូនក្នុងរយ:ពេលខ្លីហើយការចែកទៀននេះគឺជាការចែកដោយចេញពីបេះដូងសុទ្ធសាធនិងចូលរួមជាមួយនឹងបងប្អូនដោយក្តីស្រឡាញ់បំផុតព្រោះបងប្អូនបានផ្តល់ភាពជឿជាក់ ការទុកចិត្តមកលើក្រុមហ៊ុនមានដំណើរការមកដល់ពេលនេះហើយក្រុមហ៊ុនខេភីម៉នដានី កំពុងវិនិយោគអភិវឌ្ឍលើដីទំហំ៣០០ហិចតា ក្នុងនោះក៏មានទាំងសាលារៀន និងមន្ទីរពេទ្យសម្រាប់បម្រើឲ្យសេវាអប់រំនិងសុខាភិបាលប្រជាពលរដ្ឋផងដែរ។
លោកស្រីបានបន្តទៀតថាក្រុមហ៊ុនបានកែច្នៃទីកន្លែងនេះឲ្យកើតជាកន្លែងទេសចរណ៍ ប្រជានេសាទេធ្វើដំណើរមកពីទន្លេសាបជាចំណតកាណូត ទីតាំងល្អជាប់ផ្លូវជាតិលេខ៦ ងាយស្រួលក្នុងការធ្វើដំណើរ របស់ភ្ញៀវជាតិនិងអន្តរជាតិ និងបច្ចុប្បន្នកំពុងតែសាងសង់ ហាងលក់ទំនិញ អាហារដ្ឋាន រីស្សត និងផ្ទះចល័ត ក្នុងនោះក្រុមហ៊ុនក៏បើកដំណើរការលក់ជូនអតិថិជនតាមតម្រូវការសម្រាប់អ្នកមានថវិការតិចក៏បានក្លាយជាម្ចាស់កម្មសិទ្ធដីលំនៅឋាន សម្រាប់ធ្វើអាជីវកម្ម ទិញទុកចំណេញអតិឋិជនមានជម្រើសច្រើន។
លោក សាយ គឹមឡម អភិបាលស្រុក បានថ្លែងអំណរគុណដក់លោកឧកញ៉ា ផង់ផាន់ ឃុនថាវង្ស និងលោកស្រី ម៉ន ដានី ដែលបានជ្រើសរើសទីតាំងស្រុកស្ទោងជាកន្លែងអភិវឌ្ឍន៍ និងធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកមានការងារធ្វើរាប់រយនាក់ និងបានកែច្នៃស្ទឹងគោលឲ្យក្លាយជាកន្លែងទេសចរណ៍។
លោកបានបន្តថាពីអតីតកាលស្រុកស្ទោងជាតំបន់ក្តៅ ដែលភ្លើងសង្រ្គាមបានដុតរោលរាល ធ្វើឲ្យប្រជាពលរដ្ឋរងទុកវេទនា តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានធ្វើឲ្យភ្លើងសង្រ្គាមរលត់ទៅវិញ ដោយជ្រកក្រោមម្លប់សន្តិភាព ធ្វើឲ្យមានស្ថេរភាពនយោនាយ និងខិតខំប្រឹងប្រែងជម្រុញការអភិវឌ្ឍន៍គ្រប់វិស័យ ដោយកំណត់គោលនយោបាយ មានផ្លូវ មានទឹក មានភ្លើង គឺមានភាពរីកចម្រើន។
លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់លោកឧកញ៉ានិងលោកស្រី ដែលតែងតែយកចិត្តទុកដាក់សហការជាមួយរដ្ឋបាលស្រុកក្នុងកិច្ចការមនុស្សធម៌កន្លងមកក៏ដូចពេលនេះ។
ប្រជាពលរដ្ឋជួបការលំបាកចំនួន១០០០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី១កេះ ថវិកា១ម៉ឺនរៀលលោកគ្រូ អ្នកគ្រូ៣០ នាក់ ក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី១កេះ ថវិកា៤ម៉ឺនរៀល សិស្សានុសិស្ស៣២៩ នាក់ ក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី១កេះ ថវិកា១ម៉ឺនរៀល។