(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ អរគុណចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ក៏ដូចជា គាំទ្រសម្តេចបន្តការដឹកនាំប្រទេស ក្នុងរយៈពេលជាង៣៧ឆ្នាំកន្លងមកនេះ។ ក្រៅពីសម្តេចក៏សង្ឃឹមទៀតថា ប្រជាជនកម្ពុជា នឹងបន្តគាំទ្រសម្តេចទៀតផងដែរ។
មានប្រសាសន៍បែបនេះ ខណៈសម្តេច បានចូលរួមនៅក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តមឿងចារ្យលិខិតារាម ស្ថិតនៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា គាំទ្រខ្ញុំ ព្រះករុណាខ្ញុំ បន្តការដឹកនាំប្រទេស ហើយក៏សង្ឃឹមថា នឹងទទួលបាននូវការគាំទ្រជាបន្តបន្ទាប់ យើងបានរួមសុខរួមទុក្ខជាមួយគ្នា អស់រយៈពេល ៣៧ឆ្នាំហើយ មិនមានមុខនរណាម្នាក់ មកជួយយើងកសាងព្រះវិហារ មកជួយយើង កសាងសាលារៀន មកជួយយើង កសាងប្រឡាយទឹក, កសាងអណ្តូងទឹក, ស្រះទឹក, ប្រឡាយទឹកនោះទេ, បើជេរមាន»។
គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រ និងបោះឆ្នោតពីប្រជាពលរដ្ឋឲ្យគ្រប់គ្រងរាជរដ្ឋាភិបាលជាច្រើន អាណត្តិរួចមកហើយ ទោះបីជាមានការប្រកួតប្រជែង ពីគណបក្សប្រឆាំង ជាច្រើនទៀតក៏ដោយ គណបក្សប្រជាជនកម្ពុជា នៅតែអាចឈ្នះ ការបោះឆ្នោត និងដឹកនាំ ប្រទេសជាបន្តបន្ទាប់៕