(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុន ឬប្រជាពលរដ្ឋ កុំបង់ពន្ធលើសពីតម្លៃ ក្នុងវិក្កយបត្រ តាមរយៈអ្នករត់ការ ឬក៏ភ្នាក់ងារមួយចំនួន ព្រោះថា អគ្គនាយកដ្ឋានពន្ធដារ គ្មានគោលការណ៍ យកលើសនោះទេ។
ក្នុងកម្មវិធី «ពន្ធដារកម្ពុជា» កម្មវិធីផ្សាយផ្ទាល់ពិសេស ប្រធានបទ ស្តីពី «ការយល់ដឹងអំពីពន្ធដារ» លោក គង់ វិបុល បានបញ្ជាក់ថា «អំពាវនាវផងដែរ ចំពោះប្រជាពលរដ្ឋ ឲ្យត្រូវចេះប្រើកម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ GDT Check & Track ព្រោះថា កន្លងទៅ មានអ្នករត់ការ ឬក៏ភ្នាក់ងារមួយចំនួន មិនមានភាពស្មោះត្រង់ ដោយយកឯកសារក្លែងក្លាយ ទៅយកពន្ធខុសអំពីពន្ធដែលត្រូវបង់»។
លោក គង់ វិបុល បានលើកឡើងថា កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ GDT Check & Track មានមុខងារសំខាន់ៗ ជាច្រើនដូចជា៖ តាមដានឯកសារ, ត្រួតពិនិត្យលតាបត្រ, ត្រួតពិនិត្យបង់ពន្ធ ប្រថាប់ត្រាអចលនទ្រព្យ, ត្រួតពិនិត្យឯកសារ, ត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួនមន្ដ្រី, ត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ពន្ធ និងកម្មវិធីផ្សេងៗជាច្រើនទៀត។
លោក គង់ វិបុល បានឲ្យដឹងទៀតថា ចំពោះប្រជាពលរដ្ឋ ដែលគ្មានលទ្ធភាព ក្នុងការប្រើប្រាស់កម្មវិធីនេះ បើសិនជាមានចម្ងល់ សូមទាក់ទងមករដ្ឋបាលសារពើពន្ធ ដើម្បីឲ្យមានតម្លាភាពទាំងអស់គ្នា។
ក្នុងឱកាសនេះ លោក គង់ វិបុល បានឲ្យដឹងផងដែរថា កន្លងទៅមានអ្នករត់ការមួយចំនួន បានធ្វើឲ្យខូចមុខខូចមាត់ខូចឈ្មោះ របស់អគ្គនាយកដ្ឋានជាច្រើនលើក ដោយអគ្គនាយកដ្ឋានពន្ធដារ តម្រូវឲ្យបង់តែ១០លានរៀនប៉ុណ្ណោះ ប៉ុន្ដែអត់រត់ការទាំងនោះ ប្រាប់ដល់ប្រជាពលរដ្ឋ ឲ្យត្រូវបង់ពន្ធ២០លានរៀល ដែលខុសពីតម្លៃពន្ធដារ។
លោក គង់ វិបុល បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ គ្មានគោលការណ៍ យកលើសនោះទេ គឺត្រូវមានតម្លាភាពទាំងអស់គ្នា ហើយបើសិនជាមានមន្ដ្រីពន្ធដារ ណាទារលើសនោះ ត្រូវទូរស័ព្ទមកអគ្គនាយកដ្ឋាន និងធ្វើពាក្យបណ្ដឹង។
លោកបានថ្លែងថា «ខ្ញុំហ៊ានទទួលខុសត្រូវ ព្រោះអគ្គនាយកដ្ឋានពន្ធដារ គ្មានគោលការណ៍ណា ឲ្យមន្ដ្រីទៅយកពន្ធលើសគោលការណ៍នោះទេ ពីព្រោះលើសគោលការណ៍ ពាក់ព័ន្ធនឹងការប្រព្រឹត្ដអំពើខុសឆ្គង និងអំពើពុករលួយ ដែលយើងខ្ញុំកំពុងតែមានវិធានការ ពង្រឹងនូវអភិបាលកិច្ចល្អ និងពង្រឹងនូវតម្លាភាព»។
លោក គង់ វិបុល ក៏សូមឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះការបង់ពន្ធលើស ពីក្នុងតម្លៃវិក្កយបត្រ ពីព្រោះសេវាសម្រាប់អ្នកជាប់ពន្ធ បង់ថ្លៃពន្ធប្រថាប់ត្រាមានរួចទៅហើយ ដូច្នេះមិនមានអី្វត្រូវបង់លើសពីនោះទៀតឡើយ ហើយប្រាក់ពន្ធក៏ដូចគ្នាផងដែរ។
ជាមួយគ្នានេះ លោក គង់ វិបុល បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងរឿងពន្ធអចលនទ្រព្យ, ការចុះបញ្ជីដំបូង នៃអចលនទ្រព្យកន្លងទៅ បើសិនជាការចុះបញ្ជីនោះ គ្រាន់តែជាការចុះបញ្ជី ពីប្លង់ទន់មកប្លង់រឹង មិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ បើសិនជាអត់មានការផ្ទេរសិទ្ធិ។
បន្ថែមពីនោះទៀត លោក គង់ វិបុល បន្ដថា ចំពោះពន្ធលើអចលនទ្រព្យ ឧទាហរណ៍ថា ពន្ធ នៅក្នុងភូមិសាស្ដ្រដែលរដ្ឋកំណត់ថា ត្រូវជាប់ពន្ធអចលនទ្រព្យ ហើយអត់បានបង់តាំងពីឆ្នាំ២០១១មក គឺត្រូវមកប្រកាសបង់ពន្ធ ទោះបីជាមកចុះពីប្លង់ទន់មកប្លង់រឹងក៏ដោយ ព្រោះថា ដីនោះបានកាន់កាប់យូរណាស់មកហើយ។
អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងទៀតថា បើសិនជាការចុះបញ្ជី ពីប្លង់ទន់មកប្លង់រឹង ក្នុងលក្ខណៈជាការផ្ទេរសិទ្ធិ គឺត្រូវជាប់ពន្ធប្រថាប់ត្រា៤ភាគរយ៕