(ភ្នំពេញ)៖ ក្រសួងទេសចរណ៍គ្រោងប្រារព្ធទិវាអន្តរជាតិស្ដីពីយោគៈ (International Day of Yoga) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខ ដើម្បីផ្សព្វផ្សាយអំពីការហាត់សមាធិទាំងផ្លូវកាយ ផ្លូវចិត្ត និងសម្រួលចលនាសាច់ដុំ ចង្វាក់សរសៃឈាមឲ្យ ស្រួល សម្រាប់សុខភាពរាងកាយទាំងអស់គ្នា។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងនាមតំណាងឱ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា «ការធ្វើយោគៈ (Yoga) ជាការហ្វឹកហាត់វិន័យមួយដាក់លើខ្លួនឯង ដើម្បីរក្សាភាពម៉ត់ចត់ មានលំនឹង តុល្យភាពក្នុងខ្លួន ក៏ដូចជាការសម្រួលការដកដង្ហើម ការភាវនា និង ដើម្បីរក្សាសុខភាព លំហែរកាយ ចាកចេញពីភាពស្មុគ្រស្មាញនានា ប្រចាំថ្ងៃរបស់ខ្លួនមនុស្សជាដើម»។
លោក ប៉ាក់ សុខុម បានបន្ថែមថា បើសិនជាមនុស្សក្នុងពិភពលោក នាំគ្នាហាត់យោគៈឱ្យបានច្រើន អំពើហិង្សានឹងមានការកាត់បន្ថយច្រើនដែរ ទោះជានៅតាមទីជនបទ ឬ ទីក្រុងក៏ដោយ ការច្រណែន និន្ទាឈ្នានីសគ្នា ក៏មានការកាត់បន្ថយច្រើនផងដែរ។
លោក Naveen Sriva Tava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងថា ទិវាអន្តរជាតិស្ដីពីយោគៈនេះ ត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ហើយបច្ចុប្បន្នមានប្រទេសជាង១៥០ប្រទេស ដូចជាអូស្រ្តាលី បារាំង ចិន ដែលគេប្រារព្ធពិធីយោគៈតាមបែបផ្សេងៗ រីឯសម្រាប់ប្រទេសឥណ្ឌាផ្ទាល់មានអ្នកចូលរួមប្រមាណ ៣៦,០០០នាក់ រួចហើយ។ លោក Naveen បានបន្ថែមថា សម្រាប់កម្ពុជា មានអ្នកចូលរួមជាង ២,០០០នាក់ហើយ ដោយបានធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប កាលពីឆ្នាំ២០១៥ កន្លងទៅ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបង្ហើបឱ្យដឹងថា ក្នុងពេលអនាគត គណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា នឹងធ្វើការពិភាក្សាជ្រើសរើសភ្នាក់ងារណាមួយ ក្នុងការទាក់ទងជាមួយស្ថានទូតឥណ្ឌា ដើម្បីបង្កើតជាមជ្ឈមណ្ឌលហ្វឹកហាត់របៀបយោគៈនេះ ប៉ុន្តែវាមិនមែនជាផ្នែកកីឡាទេ គ្រាន់តែជាផ្នែកមួយ នៃការអប់រំកាយ ថែរក្សាសុខភាព ឬបង្កើនថាមពលផ្លូវចិត្តរបស់មនុស្ស ដោយសារសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជា នៅមានកម្រិតទាក់ទងនឹងការវឹកហាត់របៀបយោគៈនេះ។
សូមជម្រាបថា ការប្រារព្ធពិធីយោគៈនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនារៀងរាល់ឆ្នាំ ទូទាំងពិភពលោក ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៦នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ក្នុងខេត្តសៀមរាប ក្នុងបរិវេណប្រាសាទអង្គរវត្ត និងខេត្តព្រះសីហនុ នៅឆ្នេរសុខា និងនៅថ្ងៃទី១៩ ខែមិថុនា នឹងធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ព្រោះដោយសាររយៈពេល២ថ្ងៃនោះ ចំថ្ងៃសៅរ៍-អាទិត្យ៕