(ហាវ៉ាណា, គុយបា)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ទាំងរូបសម្តេច និងប្រជាពលរដ្ឋកម្ពុជាទាំងមូលចងចាំមិនភ្លេចចំពោះគុណបំណាច់រដ្ឋាភិបាល និងប្រជាពលរដ្ឋគុយ ដែលបានជួយដល់ពលរដ្ឋកម្ពុជាក្នុងគ្រាដ៏លំបាកបំផុត ពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខលោក រ៉ាអ៊ួល កាស្ត្រូ អតីតប្រធានាធិបតីគុយបា និងជាប្អូនប្រុសបង្កើតរបស់លោក ហ្វីដែល កាស្ត្រូ នៅគេហដ្ឋានក្នុងរដ្ឋធានីហាវ៉ាណា។
លោក រ៉ាអ៊ួល កាស្រ្តូ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតអញ្ជើញសួរសុខទុក្ខលោកដោយផ្ទាល់ដល់លំនៅដ្ឋាន។ លោកបន្តថា លោកធ្លាប់បានធ្វើការងារជាច្រើន ជាមួយបងប្រុសរបស់លោក ជាពិសេសធ្លាប់បានបកប្រែនៅពេលលោក ហ្វីដែល កាស្រ្តូ ជួបសម្តេចតេជោកាលពីទសវត្សរ៍៨០ និងទសវត្សរ៍៩០។
នៅក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការសោកស្តាយជាខ្លាំង ដែលសម្តេចមិនបានមកសួរសុខទុក្ខ ក៏ដូចជាចូលរួមបុណ្យសព លោក ហ្វីដែល កាស្ត្រូ នៅពេលធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងសម្តេច និងលោក ហ្វីដែល កាស្ត្រូ ហាក់បីដូចជាឪពុក និងកូន។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចមានការចងចាំ និងអនុស្សាវរីយ៍ជាច្រើនចំពោះទំនាក់ទំនងរវាងសម្តេច និងលោកហ្វីដែល កាស្ត្រូ ពាក់ព័ន្ធការចរចា និងពិភាក្សាការងារជាច្រើនកាលពីអតីតកាល។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ចងចាំមិនភ្លេចនោះឡើយ ចំពោះគុណបំណាច់ប្រទេសគុយបា ដែលបានជួយកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ បានបញ្ជាក់ថា នៅពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្តិនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
សម្តេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ប្រទេសគុយ បានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះ នៅកម្ពុជា មានស្កគុយបា មជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។
សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ជំនួយគុយបានៅពេលនោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្តីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រៀនមានជីវិត។ ដូច្នេះជំនួយពីប្រទេសគុយបា គឺចាំបាច់បំផុត។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា អ្វីដែលកាន់តែពិសេសទៀតនោះ ប្រទេសគុយបានជួយបណ្តុះបណ្តាលធនធានមនុស្ស។ ធនធានមនុស្ស គឺជារឿងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលនោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងកម្ពុជា និងគុយបា ជាពិសេសទំនាក់ទំនងនយោបាយនៅតែខ្លាំង ទោះបីមានបញ្ហាប្រឈមបញ្ហានានាយ៉ាងណាក៏ដោយ។
ក្នុងជំនួបនេះ លោក រ៉ាអ៊ួល កាស្រ្តូ បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានឧបត្ថម្ភអង្ករចំនួន ៦ពាន់តោន ជូនរដ្ឋាភិបាល និងប្រជាជនគុយបា៕