(កំពង់ស្ពឺ)៖ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកថ្ងៃ៥ មិថុនា នាឆ្នាំនេះ បានប្រារព្ធឡើងក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត» ហើយពិធីជួជុំអបសាទរទិវាបរិស្ថាននៅខេត្តកំពង់ស្ពឺ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នេះ ស្ថិតនៅទីលានកីឡាបាល់ទាត់ខេត្ត ក្រោមវត្តមានលោក វ៉ី សំណាង អភិបាលខេត្ត និងមន្រ្តីរាជការជុំវិញសាលាខេត្តជាច្រើន នាក់ផងដែរ។
ប្រធានបទ «ចូលរួមទាំងអស់គ្នាដើម្បីពិភពលោកស្រស់ស្អាត» ថ្ងៃ៥ មិថុនានាឆ្នាំនេះផ្តោតលើការទប់ស្កាត់ ការបោះចោលសំណល់ រឹងនិងរាវរួមទាំងព្រៃឈើមានសារៈសំខាន់ជាទីបំផុត សម្រាប់បំពេញសេចក្តីត្រូវការ របស់មនុស្សនៅលើពិភពលោក។ ក្នុងនោះក៏មាន ការចាប់អារម្មណ៍ពីមហាជនចំពោះព្រៃឈើដែលបាន ផ្តល់ឲ្យមនុស្សនូវជីវៈចំរុះ សត្វព្រៃ ឱសថព្យាបាលជម្ងឺ ខ្យល់អុកស៊ីសែន ទីជំរក ផ្តល់ជាអាហារសម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ ទប់ទល់នឹងការហូរច្រោះដី ផ្តល់ជីជាតិដីសម្រាប់ដំណាំកសិកម្ម ជាពិសេសគឺចូលរួម ក្នុងការទប់ស្កាត់គ្រោះភ័យ នៃបំរែបំរួលអាកាសធាតុ ដូចជា ខ្យល់ព្យុះ ទឹកជំនន់ ការកើនឡើងនូវកំដៅផែនដី។
ព្រៃឈើជាប្រភពទាក់ទាញទឹកភ្លៀង និងបានផ្តល់នូវប្រាក់ចំណូលរបស់ជាតិ តាមរយៈការលក់ទីផ្សារកាបូនព្រៃឈើ។ ក្នុងពិធីជួបជុំ នោះដែរ លោក វ៉ី សំណាង អភិបាលខេត្ត បានលើកឡើងថា តាមការសង្កេតមួយចំនួនសកម្មភាព ដែលបង្កឲ្យមានមហន្តរាយ ដល់ធនធានព្រៃឈើក្នុងខេត្ត នៅតែកើតមានឡើងជាបន្តបន្ទាប់ ដូចជា បទល្មើសព្រៃឈើ ការធ្វើអាជីវកម្មឈើខុសច្បាប់និងការផ្តល់ ដីសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់ការពារធម្មជាតិជាដើម។ ទោះជាយ៉ាងណា លោកអភិបាលខេត្តក៏បានកោតសសើរចំពោះមន្រ្តី រាជការ បងប្អូនប្រជាពលរដ្ឋដែលបាននាំគ្នា ការពារថែរក្សា គោរពច្បាប់ស្តីពីបរិស្ថានរបស់យើង។
លោកអភិបាលខេត្តបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបាននិងកំពុង យកចិត្តទុកដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងបទបញ្ជាសំខាន់ៗ លើការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន មានជាអាទិ៍ យុទ្ធសាស្ត្រគ្រប់គ្រងព្រៃឈើ ទប់ស្កាត់ការកាប់រានព្រៃឈើ ការបំផុសឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនចូលរួមការពារថែរក្សា និងដាំស្តារឡើងវិញនូវផ្ទៃដីរេចរិល ការពារប្រភពទឹកធម្មជាតិទាំងអស់ និងខិតខំកាត់បន្ថយការបំពុលទឹកដី ខ្យល់ការគ្រប់គ្រង សំណល់រឹង សំណល់រាវ ប្រកបដោយគ្រោះថ្នាក់ ដើម្បីរួមចំណែកថែរក្សាបរិស្ថានធម្មជាតិ ឲ្យមាននិរន្តរភាព ដែលជាប្រយោជន៍ យូរអង្វែង សម្រាប់មនុស្សគ្រប់សញ្ជាតិនិងគ្រប់ជំនាន់។
ក្រៅតែពីជួបជុំនៅក្នុងសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក គាត រង្សី ប្រធានមន្ទីរ បរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ទាំងគណៈអធិបតី ក្រុមហ៊ុនឯកជនប្រមូល សំរាម មន្រ្តីមន្ទីរបរិស្ថានព្រមទាំងមហាជនប្រមាណ ១២០០នាក់ បានចូលរួមធ្វើអនាម័យ និងដាំឈើនៅជុំវិញទីលានសាធារណៈ ក្នុងខេត្តនិងតាមសួនច្បារ ស្របតាមចលនាដើម្បីចូលរួម សាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកដែលមានប្រធានបទចូលរួម ទាំងអស់គ្នាដើម្បីពិភពលោកស្រស់ស្អាត និងលោក សំណូមពរ ឲ្យប្រជាជនត្រូវសំអាតអនាម័យបរិស្ថានឲ្យបានរៀងរាល់ថ្ងៃដូចថ្ងៃទិវាបរិស្ថានជាតិនេះដែរ ពោលគឺត្រូវចាត់ទុកថារាល់ថ្ងៃ ជាថ្ងៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៕