(គុយបា)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរក្សាបន្ដសហការ និងធ្វើការជាមួយរដ្ឋាភិបាលគុយបា បើទោះបីប្រទេសមួយនេះ ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងណាក៏ដោយនោះ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Esteban Lazo Hernandez ប្រធានសភាអំណាចប្រជាជនគុយបា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
ជំនួបនេះ ប្រធានសភាអំណាចប្រជាជនគុយបា បានស្វាគមន៍យ៉ាងកក់កក្តៅ ចំពោះវត្តមានរបស់សម្ដេចតេជោ ហ៊ុន សេន ដែលបានអញ្ជើញមកកាន់មន្ទីរសភាគុយបានៅពេលនេះ។ លោកបានលើកឡើងថា កន្លងមកប្រទេសកម្ពុជា និងគុយបាមានទំនាក់ទំនង និងមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមក។ លោកក៏បានជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាព នៃប្រទេសគុយបាជា ពិសេសការដំណើរការនៃរដ្ឋសភាគុយបា។
លោកបានបន្ថែមទៀតថា រយៈពេលជាង៦២ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងគុយបាន គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមទាំងជាលក្ខណៈមិត្តភាព ជាពិសេសលោកមានភាពជឿជាក់ថា យើងនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយកន្លងមកនេះប្រទេសយើងទាំងពីរ មានប្រវត្តិសាស្ត្រជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគីនេះ។
ប្រធានរដ្ឋសភាគុយបាយ បានបន្ដថា សម្ដេចតេជោ ធ្លាប់មកបំពេញទស្សនកិច្ចនៅប្រទេសគុយបានៅឆ្នាំ១៩៩៩ ហើយប្រទេសគុយបានៅតែប្រឈម នៃការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅ ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែមួយឆ្នាំក្រោយមកសម្ដេចតេជោ ក៏បានបន្តបំពេញទស្សនកិច្ចមកប្រទេសគុយបាលជាថ្មីទៀត ក្នុងការចូលរួមកិច្ចប្រជុំកំពូល ដែលប្រទេសគុយបាបានរៀបចំនៅពេលនោះ។ នៅពេលនេះជាពេលសំខាន់ដែលយើង នឹងលើកអំពីចំណុចសំខាន់ៗ នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរ។
លោកប្រធានរដ្ឋសភាគុយបាល បញ្ជាក់ទៀតថា កន្លងមកយើងបានលើកឡើងអំពីទំនាក់ទំនង ក្នុងក្របខ័ណ្ឌចលនាមិនចូលបក្សសម្ព័ន្ធ ដែលវាមានសារៈសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកថាកន្លងមកប្រទេសគុយបា ធ្លាប់ជួបបញ្ហាប្រឈមដូចជាការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ដូច្នេះលោកចាត់ទុកថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក វាបានផ្ដល់ការលំបាកចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ សម្រាប់ប្រទេសគុយបា ហើយលោកចាត់ទុកថា នេះជាការរំលោភជាប្រព័ន្ធចំពោះសិទ្ធិមនុស្ស ដែលប្រឆាំងនឹងប្រជាពលរដ្ឋគុយបាលផងដែរ។
លោកបានមានលើកឡើងអំពីស្ថានភាពពេលកូវីដចាប់ផ្ដើម នៅប្រទេសគុយបាល ទី១៖ គឺស្ថានភាពនៃជំងឺកូវីដ-១៩ និងទី២៖ គឺការលំបាកនៃការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយ រដ្ឋសភាគុយបាននឹងបន្តខិតខំប្រឹងប្រែងធ្វើការ ដើម្បីគាំទ្ររដ្ឋាភិបាលគុយបាលជាបន្តទៀត ពិសេសក៏បានដាក់ចេញនូវច្បាប់ ក៏ដូចជាវិធានការផ្សេងៗជាច្រើនទៀត ក្នុងការគាំទ្ររដ្ឋាភិបាលគុយបា។
លោកក៏បានជម្រាបជូនសម្ដេចតេជោ អំពីច្បាប់ដែលបានដាក់ចេញដោយសភាគុយបា គឺមាន៣០ច្បាប់ រួមទាំងច្បាប់ដទៃទៀតមានចំនួន៦០ឯណោះ ដូច្នេះលោកបានគូសបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ សភានៅតែដើរតួនាទីសំខាន់ ក្នុងការគាំទ្ររដ្ឋាភិបាលគុយបា។
លោកបញ្ជាក់ទៀតថា យើងបានផ្សាភ្ជាប់នូវទំនាក់ទំនង ជាមួយប្រជាជនយើង យើងក៏មានការគាំទ្រពីប្រជាជនយើងផងដែរ ជាពិសេសយើងក៏មានការផ្ដល់ឱកាសឲ្យប្រជាជនមានការបោះឆ្នោត។ លោកបានជម្រាបជូនសម្ដេចតេជោ អំពីលក្ខណៈច្បាប់ ក៏ដូចជាដំណើរការបោះឆ្នោតនៅប្រទេសគុយបាលផងដែរ ដោយលោកបញ្ជាក់ថា ត្បិតមានការប្រឈមផ្នែកសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក្នុងនោះចំនួន៩៥% នៃអ្នកចុះឈ្មោះបោះឆ្នោត គឺមាន៩២% បានទៅបោះឆ្នោតគាំទ្រសភាអំណាចប្រជាជនគុយបា។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជា និងគុយបា លោកបានថ្លែងថា លោកក៏ធ្លាប់អញ្ជើញមកប្រទេសកម្ពុជាផងដែរ។ លោកក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រប្រទេសគុយបា។ អ្វីត្បិតតែប្រទេសគុយបា ត្រូវបានទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក យ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជានៅតែបន្តសហការ និងធ្វើការជាមួយគុយបា។
លោកប្រធានសភា ក៏បានអរគុណសម្ដេចតេជោ ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានពីប្រទេសគុយបា ត្បិតមានប្រព័ន្ធការផ្សព្វផ្សាយមួយចំនួនផ្សព្វផ្សាយព័ត៌មាន ប្រឆាំងនឹងរដ្ឋាភិបាលគុយបាក៏ដោយ ប៉ុន្តែប្រទេសកម្ពុជា កន្លងមកនេះនៅតែគាំទ្រដល់ប្រទេសគុយបាលជានិច្ច។ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវអង្ករដល់ប្រទេសគុយបា។ លោកបានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងគុយបា មកដល់ពេលនេះ គឺស្ថិតក្នុងស្ថានភាពមួយមានខ្ពស់បំផុត ជាពិសេសការទស្សនកិច្ចដោយសម្ដេចតេជោមកប្រទេសគុយបាននៅពេលនេះ ជាសក្ខីភាពនៃការលើកកម្ពស់ទំនាក់ទំនងទ្វេរភាគី ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
នៅក្នុងជំនួបនេះ លោកបានជម្រាបជូនសម្រេចតេជោថា លោកចង់គោរពអញ្ជើញសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីមកបំពេញទស្សនកិច្ចនៅប្រទេសគុយបា នាពេលខាងមុខ។ ក្នុងជំនួបនេះ លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច និងនយោបាយផងដែរ។ លោកចង់ឃើញប្រទេសទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសបន្តមានសាមគ្គីភាពរវាងប្រទេសទាំងពីរ។
លោកមានគោលបំណងពង្រឹងទំនាក់ទំនងរវាងរដ្ឋសភា និងរដ្ឋសភា នៃប្រទេសទាំងពីរ ជាពិសេសពង្រីក ពង្រឹងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ វិស័យអប់រំ វិស័យកីឡា និងវិស័យផ្សេងៗទៀត រួមទាំងការវិនិយោគទៅវិញទៅមក។ លោកបញ្ជាក់ថា ដោយសារបច្ចុប្បន្នយើងមានបច្ចេកវិទ្យាជឿនលឿន យើងអាចប្រជុំតាមប្រព័ន្ធអនឡាញបានផងដែរ ដូច្នេះយើងមានឱកាសក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ។ លោកបានជម្រាបជូនសម្ដេចតេជោថា ប្រទេសគុយដាមានចំណាប់អារម្មណ៍ចង់ក្លាយជាអ្នកសង្កេតការណ៍ក្នុងអាស៊ាន និងទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់នៅក្នុងជំនួបនេះថា សម្ដេចពិតជារីករាយ និងអរគុណចំពោះលោកប្រធានរដ្ឋសភាគុយបា ដែលបានទទួលស្វាគមន៍សម្ដេច និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅជាទីបំផុត ហើយសម្ដេចតេជោបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចនាពេលនេះ ជាដំណើរទស្សនកិច្ចមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ក្នុងការរឹតចំណងមិត្តភាពទំនាក់ទំនងរវាងកម្ពុជា និងគុយបានបន្ថែមទៀត។
ជាងនេះទៅទៀត សម្តេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានអរគុណដល់គុយបា ដែលបានធ្វើការចែករំលែកនូវព័ត៌មានអំពីស្ថានភាពនៅប្រទេសគុយបា។ ទាក់ទងទៅនឹងអ្វីដែលលោកបានមានប្រសាសន៍ ពីទំនាក់ទំនងរវាងកម្ពុជា និងអង្គុយបាកន្លងមកនេះ សម្តេចតេជោ សូមសម្ដែងនូវការកោតសរសើរចំពោះប្រជាជនគុយបាដែលបន្តប្រឆាំងអ្វី ដែលជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលចាត់ទុកថា វាមិនមានយុត្តិធម៌សម្រាប់គុយបានោះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏មានការកោតសរសើរចំពោះប្រជាជន និងរដ្ឋាភិបាលគុយបា ក៏ដូចជារដ្ឋសភាគុយបា ដែលបានធ្វើឲ្យប្រទេសគុយបាយកឈ្នះទៅលើជំងឺកូវីដ-១៩ ហើយក៏មានលទ្ធភាពផ្ដល់វ៉ាក់សាំងដល់បណ្ដាលប្រទេសមួយចំនួនទៀតផង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ថ្វីត្បិតកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត មិនមានស្ថានទូតគុយបានៅកម្ពុជាទេ តែក្រោយឆ្នាំ១៩៩៩ ក្រោយខ្មែរក្រហមត្រូវបានផ្ដួលរំលំ ប្រទេសគុយបា បានដាក់ស្ថានទូតនៅកម្ពុជាវិញ ហើយមិនតែប៉ុណ្ណោះ ប្រទេសគុយបា ក៏បានជួយដល់ប្រទេសកម្ពុជានាគ្រាលំបាកនោះផងដែរ។ ដែលកន្លងមកយើងមានសមិទ្ធផលបន្សល់ទុកជាឈ្មោះមួយចំនួនដូច ជាស្ករគុយបា មជ្ឈមណ្ឌលក្មេងកំព្រាគុយបា យើងមានទូកដរគុយបា នៅអ្នកលឿងនោះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រយៈពេល៦២ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងគុយបា មានលក្ខណៈស្ថេរភាព ជាពិសេសនយោបាយ ត្បិតតែមានការផ្លាស់ប្ដូរច្រើនមែន តែទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរមានស្ថេរភាព មិនតែប៉ុណ្ណោះយើងនៅបន្តដាក់ស្ថានទូតទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូបញ្ជាក់ទៀតថា កន្លងមកនេះ ប្រទេសគុយបាធ្លាប់បានជួយផ្តល់នូវការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើវិស័យកីឡា វិស័យអប់រំ ជាដើម។
សម្តេចតេជោ ក៏បានមានប្រសាសន៍ទៀតថា នៅពេលខាងមុខនេះ យើងនឹងមានទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបាទៅកាន់ប្រទេសកម្ពុជា និងមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីគុយបា ទៅកាន់ប្រទេសកម្ពុជាផងដែរ។ ក្រៅពីនោះយើងនឹងមានឯកសារ នៃកិច្ចព្រមព្រៀងមួយចំនួន ទាំងការជំរុញកិច្ច និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា កំណើរទស្សនកិច្ចលើកនេះ ប្រទេសកម្ពុជា និងផ្ដល់ជាអំណោយជូនដល់ប្រទេសគុយបា នូវអង្ករចំនួនអង្ករ៦,០០០តោន។ ក្នុងឱកាសនេះ សម្ដេចក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់ប្រធានរដ្ឋសភាគុយបា និងក៏មានការអញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅកម្ពុជា នារយៈពេលសមស្របខាងមុខផងដែរ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា តាមរយៈទំនាក់ទំនងសភានៃប្រទេសយើងទាំងពីរ នឹងបន្តធ្វើការ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីគាំទ្រការងាររដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ហើយការងារពាក់ព័ន្ធទៅនឹងអាស៊ានវិញសម្ដេចតេជោ បានមានប្រសាសន៍ថា ដោយមានវត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសនេះដែរ ដូច្នេះយើងនឹងបន្តធ្វើការជាមួយគ្នាជាបន្តទៀត៕