(គុយបា)៖ កម្ពុជា និងគុយបា បានប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈអនុស្សារណៈចំនួន៣ ត្រូវបានចុះហត្ថលេខា។
ការគូសរំលេចជាថ្មីលើស្មារតីនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបា ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Miguel Diaz-Canel ប្រធានាធិបតីគុយបា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នាទីក្រុងហាវ៉ាណា ប្រទេសគុយបា។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការលើកទី២ នៅក្នុងប្រទេសគុយបា។ ក្នុងដំណើរទស្សនកិច្ចថ្ងៃដំបូងនេះ សម្តេចតេជោ បានជួបសម្តែងការគួរសមជាមួយប្រធានសភា និងប្រធានាធិបតីរបស់គុយបា, អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសគុយបា លោក Jose Marti នៅវិមាន Jose Marti Memorial ព្រមទាំងអញ្ជើញទស្សនកិច្ចស្សនកិច្ចមជ្ឈមណ្ឌល វិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ដែលបង្កើតឡើងដោយដោយលោក ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតីគុយបាផងដែរ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Miguel Diaz-Canel ប្រធានាធិបតីគុយបា សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី បានគូសរំលេច និងរំលឹកឡើងវិញយ៉ាងច្រើននូវចំណងមិត្តភាព និងទំនាក់ទំនងរវាងកម្ពុជា និងគុយ។ ជាពិសេសការប្រកៀកស្មាគ្នា ដើម្បីជម្នះការលំបាកទាំងឡាយកាលពីអតីតកាល។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានរំលឹកពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសក្រោយពេលបដិវត្តន៍នៃប្រទេសគុយបា ហើយទំនាក់ទំនងនេះ បានចាប់ផ្តើមជាពិសេសរវាង អតីតប្រធានាធិបតី ហ្វីដែល កាស្ត្រូ និងអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
លោកប្រធានាធិបតីគុយបា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងគុយបា បានគាំទ្រការស្វែងរកសន្តិភាព ក៏ដូចជាយុត្តិធម៌នៅលើពិភពលោក ដែលជាមូលដ្ឋាននៃទំនាក់ទំនងប្រទេសគុយបា និងកម្ពុជា។ លោកប្រធានាធិបតីគុយបា បានទទួលស្គាល់ និងសរសើរភាពក្លាហានរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធដើម្បីការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។
លោកប្រធានាធិបតី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅគុយបា ក្នុងពេលវេលាមួយដែលមានភាពស្មុគស្មាញពាក់ព័ន្ធសេដ្ឋកិច្ច តែដំណើរទស្សនកិច្ចនេះមានសញ្ញាវិជ្ជមានដ៏ល្អនៃមិត្តភាព និងសាមគ្គីភាព។ ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឆ្លុះបញ្ចាំងយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
លោកប្រធានាធិបតី បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាសក្សីមួយដ៏សំខាន់នៃការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ដោយបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ខណៈនាយករដ្ឋមន្ត្រីគុយបា នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកប្រធានាធិបតីបានលើកឡើងថា ប្រទេសទាំងពីរនឹងមានកិច្ចព្រមព្រៀងមួយចំនួនទៅលើវិស័យសុខាភិបាល អប់រំ និងការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល បទពិសោធន៍របស់អ្នកការទូតជាដើម ព្រមទាំងវិស័យផ្សេងៗទៀត ដែលយើងអាចពង្រីកបាន។
លោកប្រធានាធិបតី ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រដល់ការប្រយុទ្ធប្រឆាំងចំពោះភាពអយុត្តិធម៌ទាំងឡាយ ដែលបណ្តាប្រទេសនានាធ្វើដាក់ប្រទេសគុយបាន។ មិនត្រឹមតែប៉ុណ្ណោះ ទទួលស្គាល់តួនាទីរបស់ប្រទេសកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយយើងក៏ទទួលស្គាល់ការគាំទ្ររបស់កម្ពុជា ចំពោះការធ្វើសមាហរណកម្មប្រទេសគុយបា ចូលទៅក្នុងតំបន់ និងអន្តរជាតិផងដែរ។
លោកប្រធានាធិបតី បានលើកឡើងទៀតថា គុយបាពិតជារីករាយក្រៃលែងចំពោះទស្សនកិច្ចរបស់សម្តេចតេជោ នៅគុយបានាពេលនេះ ព្រោះបានជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏ដូចជាប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណលោកប្រធានាធិបតី ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូ។ សម្តេចតេជោ បានលើកឡើងថា សម្តេចពិតជាគោរពនូវអ្វីដែលលោកប្រធានាធិបតី បានលើកឡើង ជាពិសេសពាក់ព័ន្ធមិត្តភាពរវាងប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា និងគុយបា មានភូមិសាស្ត្រឆ្ងាយពីគ្នាមែន ប៉ុន្តែមិនមែនជាឧបសគ្គសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់គុយបាននោះទេ ហើយក៏មិនមែនជាឧបសគ្គសម្រាប់នាយករដ្ឋមន្ត្រីគុយបា ទៅទស្សនកិច្ចនៅប្រទេសកម្ពុជានោះដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងគុយបា នឹងចងចាំនូវការងារដែលបានធ្វើជាមួយគ្នាជាយូរមក។ ជាពិសេសការជួយគ្នាក្នុងឆ្នាំ១៩៧៩ កាលពី៤៣ឆ្នាំមុននោះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ពេលនោះសម្តេចបានអញ្ជើញបំពេញទស្សនកិច្ចនៅគុយបា ដែលពេលនោះសម្តេចនៅជារដ្ឋមន្ត្រីការបរទេស ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋរបស់កម្ពុជាចូលរួមកិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ប្រសិនបើគ្មានការជួយរបស់លោក ហ្វីដែល កាស្ត្រូទេនោះ កៅអីកម្ពុជាក្នុងចលនាមិនចូលបក្សសម្ព័ន្ធនេះ គឺដូចនឹងស្ថានភាពនៅអង្គការសហប្រជាជាតិ តែដោយសារមានការជួយរបស់ឯកឧត្តមហ្វីដែលកាស្ត្រូ ទើបកៅអីកម្ពុជាក្នុងអង្គការចលនាមិនចូលបក្សសម្ព័ន្ធត្រូវទុកទំនេរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដែរថា សម្តេចពិតជាសោកស្តាយដែលសម្តេចមិនបានមកសួរសុខទុក្ខឯកឧត្តមហ្វីដែលកាស្ត្រូ នៅពេលធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងរវាងសម្តេច និងលោក ហ្វីដែល កាស្ត្រូ ហាក់បីដូចជាឪពុក និងកូន។ នៅពេលនេះសម្តេចមានការចងចាំជាច្រើន ជាពិសេសទំនាក់ទំនងរវាងសម្តេច និងលោក ហ្វីដែល កាស្ត្រូ ដែលធ្លាប់បានចរចា និងពិភាក្សាគ្នាជាច្រើន។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបា បានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
សម្តេចតេជោ បានបញ្ជាក់ថា នៅពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្រនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ប្រទេសគុយ បានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្កគុយបា មជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។
សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ជំនួយគុយបានៅពេលនោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្តីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រៀនមានជីវិត។ ដូច្នេះជំនួយពីប្រទេសគុយបា គឺចាំបាច់បំផុត។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា អ្វីដែលកាន់តែពិសេសទៀតនោះ ប្រទេសគុយបានជួយបណ្តុះបណ្តាលធនធានមនុស្ស។ ធនធានមនុស្ស គឺជារឿងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលនោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅគុយបាពេលនេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការមួយចំនួន ហើយនៅពេលនាយករដ្ឋមន្ត្រីគុយបា ទស្សនកិច្ចនៅកម្ពុជា ក៏នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនទៀត ដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកការទូត សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចចង់ឃើញការលើកកម្ពស់ការពិគ្រោះយោបល់ផ្នែកការទូតរវាងប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ ពាក់ព័ន្ធការដាក់ទណ្ឌកម្មលើប្រទេសគុយបា។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា ក៏ធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍រងការដាក់ទណ្ឌកម្មពីបរទេសផងដែរ។ ពីមុន ក៏ដូចជាពេលបច្ចុប្បន្ននេះ ដែលប្រទេសខ្លះបានដាក់ទណ្ឌកម្មលើកម្ពុជា ក៏ដូចជាបុគ្គល និងក្រុមហ៊ុននៅកម្ពុជា។
សម្តេចតេជោ បានគូសរំលេចថា បច្ចុប្បន្ននេះការប្រើប្រាស់ទណ្ឌកម្ម គឺជាប្រធានបទមួយក្តៅ។ ក្រោយពេលមានសង្គ្រាមនៅអ៊ុយក្រែន ការដាក់ទណ្ឌកម្មលើរុស្ស៉ី ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មិនត្រឹមតែរុស្ស៉ី ដែលប៉ះពាល់ តែវាបានប៉ះពាល់ដល់ប្រទេសជាច្រើនមិនជាប់ពាក់ព័ន្ធក្នុងសង្គ្រាមនោះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មជាឯកតោភាគីនេះ បានធ្វើឱ្យថ្លៃទំនិញ ថាមពលឡើងថ្លៃ អតិផរណាឡើងខ្ពស់ បង្កផលប៉ះពាល់ដល់ប្រទេសជាច្រើនលើពិភពលោកនេះ។
ពាក់ព័ន្ធកិច្ចការអាស៊ានវិញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសគុយបា មានមិត្តភក្តិមួយចំនួនជាសមាជិកអាស៊ាន ដូចជាកម្ពុជា ឡាវ និងវៀតណាមផងដែរ។ ដូច្នេះគុយបា អាចធ្វើការជាមួយអាស៊ាន ទៅតាមវិស័យ ទៅតាមផ្នែកនៃកិច្ចសហប្រតិបត្តិការនេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសគុយបា ធ្លាប់ចូលជាភាគីក្នុងសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍រួចហើយ ដូច្នេះអ្វីដែលគុយបាចាប់អារម្មណ៍នេះ នឹងធ្វើឱ្យអាស៊ានកាន់តែមានតម្លៃ។
ជាចុងក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខ និងការជូនពរពីព្រះមហាក្សត្រកម្ពុជា និងការអញ្ជើញឯកឧត្តមប្រធានាធិបតីទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។
លោកប្រធានាធិបតីគុយបា បានចាត់ទុកសម្តេចតេជោជាមិត្តភក្តិដ៏ជិតស្និទ្ធ ហើយអរគុណសម្រាប់ពាក្យពេចន៍ទាំងឡាយដែលសម្តេចបានលើកឡើង។ អ្វីដែលសម្តេចបានលើកឡើង គឺបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃភាពស្និទ្ធស្នាលរវាងប្រទេសទាំងពីរ ហើយក៏ឆ្លុះបញ្ចាំងអំពីដំណើរទស្សនកិច្ចរបស់សម្តេចកាលពីពេលមុន។
លោកប្រធានាធិបតី ក៏បានលើកឡើងពីការដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រទេសគុយបា ដែលនាំឱ្យប្រទេស និងប្រជាជនទាំងមូល បានជួបការលំបាក។ តែគុយបា បានតស៊ូប្រឆាំងរាល់ការលំបាក រួមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ ការយកឈ្នះលើជំងឺកូវីដ១៩ ដោយសារការពឹងផ្អែកទៅលើសមត្ថភាពវេជ្ជសាស្ត្រ ក៏ដូចជាបទពិសោធន៍របស់ប្រជាពលរដ្ឋគុយបា ជាពិសេសការផលិតវ៉ាក់សាំងរបស់គុយបា ដែលមានវ៉ាក់សាំងរហូតដល់ទៅ៥ប្រភេទ។ វ៉ាក់សាំងនេះ មិនត្រឹមតែចាក់ពលរដ្ឋគុយបានោះទេ តែបាននាំចេញទៅក្រៅប្រទេសផងដែរ។
លោកប្រធានាធិបតី ក៏បានគូសបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាមួយកម្ពុជា ដោយបន្តធ្វើយ៉ាងណាជំរុញផលប្រយោជន៍រួមលើឆាកអន្តរជាតិផងដែរ។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា គុយបា និងកម្ពុជា នឹងបន្តធ្វើការលើវិស័យបច្ចេកទេស ក៏ដូចជាវិស័យដែលមានប្រយោជន៍ទៅវិញទៅមក។
លោកប្រធានាធិបតី ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការធ្វើទស្សនកិច្ចនៅគុយបា ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បន្ទាប់ពីជំនួបពិភាក្សា សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីគុយបា បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើពិធីសារចំនួន៣រួមមាន៖ អនុស្សារណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា និងគុយ, អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានជាន់ខ្ពស់សម្រាប់ទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសគុយបា, គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការបរទេសគុយបា៕