(ភ្នំពេញ)៖ នាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យ នៃក្រសួងមហាផ្ទៃនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ និងសង្គ្រោះបន្ទាន់ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦-១០ ខែមិថុនា ឆ្នាំ២០១៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពកម្លាំងមន្ត្រីនគរបាលពាក់ព័ន្ធ ឱ្យកាន់ប្រសើរជាងមុន ក្នុងការឆ្លើយតបនឹងបញ្ហានានា ដែលកើតមាន។
ការបើកវគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីនាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងមានការចូលរួមពីដៃគូពាក់ព័ន្ធ មាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DCI បារាំង) និងមន្រ្តីនគរបាលជាតិជាច្រើននាក់ទៀត។ លោកឧត្តមសេនីយ៍ នេត វន្ថា ប្រធាននាយកដ្ឋានបានថ្លែងថា សិក្ខសាលានេះ នឹងជួយជំរុញឲ្យមន្រ្តីនគរបាលរបស់លោក មានជំនាញកាន់តែខ្លាំងឡើង លើការចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យម្តងៗ និងដឹងនូវវិធីសាស្រ្តបន្ថែម លើការជួយសង្គ្រោះបានលទ្ធផលល្អ៕