(គុយបា)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អង្ករ ៦ពាន់តោនដល់រដ្ឋាភិបាល និងប្រជាជនគុយបា។ ការប្រកាសផ្តល់ជំនួយអង្ករនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ និងលោក Miguel Diaz-Canel ប្រធានាធិបតីគុយបា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អង្ករ ៦ពាន់តោននេះ មាន ៣ពាន់តោន ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយ ៣ពាន់តោនទៀតជាជំនួយរបស់វិស័យឯកជន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អង្ករ៦ពាន់តោននេះ នឹងដឹកចេញពីកម្ពុជានៅខែតុលា ហើយដឹកដល់ប្រទេសគុយបានៅក្នុងខែធ្នូ។
លោកប្រធានាធិបតីគុយបា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងវិស័យឯកជនរបស់កម្ពុជាសម្រាប់ការផ្តល់ជំនួយជាអង្ករនេះ។
នៅក្នុងជំនួបខាងលើនេះ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីគុយបា បានជជែកគ្នាពីរៀបចំឱ្យមានទស្សនកិច្ចរបស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម ដើម្បីសិក្សាស្រាវជ្រាវផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើដំណាំស្រូវ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជារ៉ាប់រងរាល់ការចំណាយលើការសិក្សាស្រាវជ្រាវនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការសិក្សាស្រាវជ្រាវលើវិស័យកសិកម្ម គឺជាចំណែកមួយសម្រាប់ធានាដល់សន្តិសុខស្បៀងរវាងកម្ពុជា និងប្រទេសគុយបា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសគុយបា។ កម្ពុជា និងគុយបា មានទំនាក់ទំនងគ្នា៦២ឆ្នាំហើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងប្រមាណ ៤៣ឆ្នាំចុងក្រោយនេះ ជាដំណាក់កាលសម្តេចបានប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងនេះ។ សម្តេចតេជោ ធ្លាប់បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេះរួចម្តងមកហើយនៅឆ្នាំ១៩៩៩។
ប្រទេសគុយបា ជាប្រទេសមួយបានរួមចំណែកជួយដល់កម្ពុជាយ៉ាងច្រើន ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជាពេលក្រុមប្រទេសលោកសេរីហ៊ុមព័ទ្ធសេដ្ឋកិច្ច។
គុយបា គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់សមុទ្រការ៉ាបៀន (Caribbean) ដោយមានព្រំដែនសមុទ្រជាប់ប្រទេស បាហាម៉ាស់ ហៃទី ហុងឌូរ៉ាស់ ចាម៉ៃកា ម៉ិកស៉ិក និងឆ្នេរសមុទ្ររដ្ឋផ្ល័រីដារបស់សហរដ្ឋអាមេរិក។ ប្រទេសហ៊ុមព័ទ្ធដោយសមុទ្រមួយនេះ មានប្រជាជនជាង ១១លាននាក់៕