(គុយបា)៖ បន្ទាប់ពីបានហោះទៅដល់ប្រទេសគុយបាកាលពីយប់ថ្ងៃទី២៣ ខែកញ្ញាហើយនោះ នៅថ្ងៃទី២៤ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ចាប់ផ្តើមការបំពេញទស្សនកិច្ចផ្លូវការលើទឹកដីមិត្តចាស់ដ៏យូរអង្វែងមួយនេះ។
ការផ្តើមទស្សនកិច្ចនៅថ្ងៃដំបូងនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសគុយបា លោក Jose Marti នៅវិមាន Jose Marti Memorial។
បន្ទាប់មកសម្តេចតេជោ បានអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក Esteban Lazo Hernandez ប្រធានសភាអំណាចប្រជាជនគុយបា។
ក្រោយបញ្ចប់ជំនួបជាមួយប្រធានសភាហើយនោះ សម្តេចតេជោ បន្តចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោក Miguel Diaz-Canel ប្រធានាធិបតីគុយបា។
ក្នុងជំនួបទាំងពីរខាងលើបានធ្វើឡើងដោយស្និទ្ធស្នាល និងស៊ីជម្រៅបំផុតក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាឡើង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ដែលបង្កើតឡើងដោយដោយលោក ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតីគុយបាផងដែរ។
កម្ពុជា និងគុយបា មានទំនាក់ទំនងគ្នា៦២ឆ្នាំហើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងប្រមាណ ៤៣ឆ្នាំចុងក្រោយនេះ ជាដំណាក់កាលសម្តេចបានប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងនេះ។ សម្តេចតេជោ ធ្លាប់បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេះរួចម្តងមកហើយនៅឆ្នាំ១៩៩៩។
ប្រទេសគុយបា ជាប្រទេសមួយបានរួមចំណែកជួយដល់កម្ពុជាយ៉ាងច្រើន ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជាពេលក្រុមប្រទេសលោកសេរីហ៊ុមព័ទ្ធសេដ្ឋកិច្ច។
គុយបា គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់សមុទ្រការ៉ាបៀន (Caribbean) ដោយមានព្រំដែនសមុទ្រជាប់ប្រទេស បាហាម៉ាស់ ហៃទី ហុងឌូរ៉ាស់ ចាម៉ៃកា ម៉ិកស៉ិក និងឆ្នេរសមុទ្ររដ្ឋផ្ល័រីដារបស់សហរដ្ឋអាមេរិក។ ប្រទេសហ៊ុមព័ទ្ធដោយសមុទ្រមួយនេះ មានប្រជាជនជាង ១១លាននាក់៕