(ញ៉ូវយ៉ក)៖ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំអម នៃសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលជាតិមូលនិធិជាតិជំនួយសង្គម បានជួបពិភាក្សាការងារជាមួយលោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាតិ និងជានាយិកា UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និង លោក Ivan Gonzalez de Alba ជាសេដ្ឋវិទូជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។
ជំនួបរវាង លោក សំហេង បុរស និង លោកស្រី Kanni Wignaraja បានពិភាក្សាលើការងារមួយចំនួនដូចខាងក្រោម ៖
១៖ កិច្ចសហការគាំទ្ររបស់ UNDP ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។
២៖ ការជំរុញ និងឧបត្ថម្ភគាំទ្រដល់ដំណើការនៃការបន្តលើកកម្ពស់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា តាមរយៈការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធិជំនួយសង្គម សំដៅធានាឲ្យបាននូវការការពារប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ តាមរយៈកិច្ចអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ដូចជាការឧប ត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងអំឡុងពេលកូវីដ១៩ ដែលជាកម្មវិធីមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកនូវទប់ស្កាត់នូវបញ្ហាប្រឈមដែលងាយនឹងទទួលរងនូវការធ្លាក់ចូលទៅក្នុងស្ថានភាពជីវភាពគ្រួសារក្រីក្រ។
៣៖ ការចូលរួមចំណែកលើបញ្ហាបម្រែបំរួលអាកាសធាតុ។
សូមជម្រាបថា ក្នុងដំណើអញ្ជើញចូលរួមកិច្ចប្រជុំអម នៃសន្និបាតអង្គការសហប្រជាជាតិ លោក សំហេង បុរស និងគណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២រូបអមដំណើរ មាន លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និង លោក នាង កែវសុវណ្ណ អនុប្រធានការិយាល័យ នៃមូលនិធិជាតិជំនួយសង្គម។
លោក សំហេង បុរស នឹងអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាសំខាន់ចំនួន ០២ គឺ ១)ការធ្វើសង្គតភាពហិរញ្ញវត្ថុឡើងវត្ថុឡើងវិញក្នុងការអនុវត្តការអភិវឌ្ឍប្រកបដោយចីរភាព និង ២)ការកំណត់អំពីពហុកម្រិតភាពងាយរងគ្រោះ ដែលជាធាតុចូលសម្រាប់ចូលរួមក្នុងការដោះស្រាយនូវបញ្ហា ប្រឈម និង ភាពងាយរងគ្រោះរបស់ប្រជាជន និងការមិនទុកអ្នកណាម្នាក់ចោលដោយមិនបានយកចិត្តទុកដាក់៕