(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងជំរុញឲ្យប្រជាពលរដ្ឋកម្ពុជារួមគ្នាប្រព្រឹត្តអំពើល្អជៀសវាងការលេង ល្បែង និងប្រើប្រាស់គ្រឿងញៀន ដើម្បីលុបបំបាត់សកម្មភាពលួច ឆក់ ប្លន់ នៅក្នុងប្រទេស។
ការថ្លែងអំពាវនាវរបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីកាត់ឫស្សសីមា ព្រះវិហារ វត្តមឿងចារ្យលិខិតារាម ស្ថិតនៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា នៅប្រទេសណា ក៏ដូចប្រទេសណាដែរ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ជល់មាន់ ចាក់កន្ទុយលេខ កើតមានជាហូរហែរ ហើយសកម្មភាពទាំងអស់នេះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ឈានដល់ការប្រព្រឹត្តអំពើខុសច្បាប់ ដូចជាលួច ឆក់ ប្លន់ ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទាំងស្រុងថា «បញ្ហាគ្រឿងញៀន ហាក់ដូចជារីករាលដាល មិនមែនគ្រាន់តែប្រទេសយើងទេ ខ្ញុំជួបជាមួយប្រទេសនានាសុទ្ធតែត្អូញត្អែរទាំងអស់រួចហើយ ប្រទេសធំៗមានបញ្ហាទាក់ទងជាមួយគ្រឿងញៀន អាលូវថា មានគ្រឿងញៀន មានល្បែងស៊ីសង ចាក់កន្ទុយលេខផង ជល់មាន់ ហើយថែមទាំងមានចាក់បាល់ទៀត ហើយដល់តែពេលចាញ់អស់ទៅជាលួច ឆក់ ចោរ ប្លន់ទៀត អាហ្នឹងទល់តែប្រឹងទាំងអស់គ្នា ហើយប្រសិនបើពឹងពាក់លើផ្នែកណាមួយ គឺមិនបានទេ ទាល់តែរួមទាំងអស់គ្នា ប៉ុន្តែមនុស្សម្នាក់អាចធ្វើសកម្មភាពបាន តាមរយៈសកម្មភាពនេះ មានតែយើងទាំងអស់គ្នា ខំធ្វើអំពើល្អ។ បើធ្វើអំពើល្អទាំងអស់គ្នា គឺសឹងតែថា ប្រទេសខ្មែរ គឺគ្មានប៉ូលីស ពីព្រោះបើល្អទាំងអស់គ្នា ហើយមិនចាំបាច់មានប៉ូលីស ក៏បានដែរ តែសម្រាប់ប៉ូលិសចរាចរណ៍ត្រូវតែមាន បើគ្មានអាចស្ទះចរាចរណ៍»។
ជាការកត់សម្គាល់អំពើ ឆក់ ប្លន់ និង លួច ជាសកម្មភាពដែលអាជ្ញាធរមានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះបទល្មើសនេះ បានកើតឡើងស្ទើរតែរាល់ថ្ងៃ។ ទន្ទឹមនឹងការកើតមានអំពើខុសច្បាប់នេះ អាជ្ញាធរទូទាំងប្រទេសជាពិសេសនៅរាជធានីភ្នំពេញ បានដាក់កម្លាំងត្រួតពិនិត្យ នៅតាមគោលដៅជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ និងចាប់ជនល្មើស ដែលបង្កសកម្មភាពចលាចលនេះ ឲ្យបានដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕