(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានបន្តចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រចំនួន១៦៦ គ្រួសារបន្ថែមទៀត មកពី១៦ឃុំ ក្នុងស្រុករមាសហែក។
ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍ អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកបានស្នើសុំជំនួយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការដោះស្រាយជូនពួកគាត់នៅតាមក្រុងស្រុកទាំង៨ ឱ្យទាន់ពេលវេលានារដួវបុណ្យភ្ជំកាន់បិណ្ឌនេះ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំបណ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រសាសន៍សំណេះសំណាលផ្តាំផ្ញើ សូមបងប្អូនយកចិត្តទុកដាក់អំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការថែទាំសុខភាពរស់នៅប្រកបដោយអនាម័យ ជាពិសេសការអនុវត្តិវិធានការការពារជំងឺកូវីដ១៩ «៣ការពារ និង៣កុំ និង២ ចូលរួម»។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ថា ដោយមើលឃើញការលំបាក នាចុងរដូវវស្សាឆ្នាំ២០២២នេះ ក៏ដូចជារៀងរាល់ឆ្នាំ ពិសេសការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្រេចដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា នូវស្បៀង សម្ភារប្រើប្រាស់ថវិកាដល់ប្រជាជនងាយរងគ្រោះមហន្តរាយ ផ្សេងៗដែលរស់នៅតាមភូមិ ឃុំមួយចំនួនក្នុងក្រុង ស្រុកទាំង៨ នាពេលកន្លងមក និងពេលខាងមុខទៀត។ ដូចបងប្អូនទាំងអស់គ្នាដឹងហើយថាកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននៃសមាគមជាតិ ក្នុងវិស័យមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយទូទាំងប្រទេស ដែលកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនណារម្នាក់ចោល។
ជាមួយគ្នានេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា ទោះបីនៅពេលនេះ សម្តេចប្រធានមិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែន ប៉ុន្តែរាល់សកម្មភាព ចែកអំណោយសម្តេចតែងតែឱក្រុមការងារនៅតាមបណ្តាសាខា អនុសាខា ពាំនាំនូវបណ្តាំ ការសាកសួរសុខទុក្ខជាប្រចាំ និងរំលឹកទៅដល់ប្រជាពលរដ្ឋត្រូវមានលក្ខណៈត្រៀម បង្ការជានិច្ចនូវគ្រោះមហន្តរាយនានា ព្រោះបច្ចុប្បន្ននៅលើពិភពលោក ក៏ដូចប្រទេសកម្ពុជា តែងទទួលរងនូវផលប៉ះពាល់ការផ្លាស់ប្តូរអាកាសធាតុ នៅគ្រប់ពេលវេលា មិនថាទីណាកន្លែងណានោះទេបង្កឡើងនូវគ្រោះមហន្តរាយញឹកញ៉ាប់ដូចជា៖ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ជាដើម។
លោកស្រីបានបញ្ជាក់ថា គ្រោះមហន្តរាយដែលបង្កដោយមនុស្ស គឺគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារ នៃសង្គមជាតិ និងកត្តាជាច្រើនទៀតដែលត្រូវដោះស្រាយចំពោះមុខនោះគឺជនដែលងាយរងគ្រោះ មានចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ ដូចយើងឃើញនៅពេលនេះស្រាប់។
អំណោយសាខាបានចែកជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៉ីវ ៦ដប កន្ទេលជ័របត់១ ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា ) និងថវិកាធ្វើដំណើរ ៥០,០០០រៀលផងដែរ៕