(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានដឹកនាំគណៈអភិបាល គណៈនាយក និងមន្ត្រីរដ្ឋបាលខណ្ឌ ជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង និងកម្លាំងសន្ដិសុខ សណ្ដាប់ធ្នាប់ខណ្ឌ ដោយបាននាំយកអំណោយមួយចំនួនចែកជូនដល់កងកម្លាំងក្នុងអង្គភាព។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់កងកម្លាំងអាវុធហត្ថទាំងអស់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បន្តយកចិត្តទុក្ខដាក់ចំពោះសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខណ្ឌ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឲ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវពិនិត្យមើលថា បិទហើយឬនៅ ចំពោះភ្លឿងធូប ភ្លឿងទៀន និងចរន្តអគ្គិសនី អំឡុងពេលបងប្អូនប្រជាពលរដ្ឋ ចាកចេញទៅស្រុកកំណើត និងដំណើរកម្សាន្ដផ្សេងៗ។
អំណោយដែលយកមកចែកជូនដល់កងកម្លាំង ក្នុងមួយអង្គភាពៗ រួមមាន៖ អង្ករ៦០០គីឡូ, មី១០កេស, ភេសជ្ជៈ ១០កេស, ទឹកសុទ្ធ១០កេស, ប្រេងម៉ាស៊ូត២០០លីត្រ និងថវិកា ១,០០០,០០០រៀល៕