(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ជនរងគ្រោះដែលជួបហេតុការណ៍លិចទូកកណ្ដាលផ្ទៃសមុទ្រ ចំនួន៣៣នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្ដែអកុសលក្នុងមានចំនួន៣នាក់បានស្លាប់បាត់បង់ជីវិត។ ដោយឡែក នៅសល់ចំនួន៨នាក់ទៀត កំពុងបន្ដស្វែងរកនៅឡើយ។
បើតាមលោកអភិបាលខេត្តព្រះសីហនុ ក្នុងចំណោមជនរងគ្រោះទាំង៣៣នាក់នោះ កម្ពុជាជួយសង្គ្រោះបាន២៤នាក់ និងវៀតណាមជួយសង្គ្រោះបាន៩នាក់។
លោក គួច ចំរើន បានថ្លែងយ៉ាងដូច្នេះថា «គិតមកដល់ម៉ោងនេះ កម្ពុជាយើងជួយសង្គ្រោះចំនួន២១នាក់ និងសាកសព៣សព សរុបចំនួន២៤នាក់។ វៀតណាមជួយសង្គ្រោះបាន៩នាក់ សរុប៣៣នាក់ នៅសល់៨នាក់ទៀត ដែលកំពុងស្វែងរក»។
គួរជម្រាបថា ហេតុការណ៍លិចទូកដែលផ្ទុកមនុស្សចំនួន៤១នាក់នេះ បានកើតមានឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចជំនាញលើផ្ទៃទឹក បានរួមដៃគ្នាចេញជួយអន្ដរាគមន៍សង្គ្រោះភ្លាមៗ។ ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស មកពីខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់៕