(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រទេសកម្ពុជា មានភ័ព្វសំណាងដោយសារមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌ និងជាស្ថាបនិកសន្តិភាព ដែលបានដឹកនាំប្រទេសជាតិឱ្យទទួលបានសុខសន្តិភាពទាំងស្រុងពេញផ្ទៃប្រទេស ក្រោយពីបានរំដោះជីវិតប្រជាជនចេញផុតពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត ទើបផ្តល់ឱកាសដល់ពលរដ្ឋអាចធ្វើបុណ្យទានគ្រប់ៗគ្នា។
ការលើកឡើងបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសលោក និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងបុត្រ និងក្រុមគ្រួសារ អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រោមឱវាទចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តនិគ្រោធវន័គល់ទទឹង ក្នុងសង្កាត់ព្រែក ខណ្ឌច្បារអំពៅ ដោយទឹកចិត្តរីករាយជ្រះថ្លាក្រៃលែង ក្នុងព្រះពុទ្ធសាសនា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ។
កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខ សុំបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ ក៏បានបង្ហាញឱ្យឃើញ ពីមនោសញ្ចេតនាគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យផ្តុំផ្តើងរុងរឿង និងជាការជួបជុំរិតចំណងសាមគ្គីភាព ក្នុងមហាគ្រួសារខ្មែរ ក្នុងការធ្វើបុណ្យ ធ្វើទានបញ្ជូនកុសល ដល់អ្នកដែលបានលាចាកលោក ទៅកាន់លោកខាងមុខហើយនោះផង។ ព្រះធានុរក្ខ័ គូ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណ រាជធានីភ្នំពេញ និងជាព្រះគ្រូសូត្យស្តាំវត្តនិគ្រោធវ័ន (គល់ទទឹង) បានសំដែងធម៌ទេសនា ដោយបានលើកយករឿងមគ្គមានព្វ រួមនឹងសហការីរបស់ខ្លួន ចំនួន៣២នាក់ផ្សេងទៀត បានចំណាយកម្លាំងកាយចិត្តកសាងសមិទ្ធផលសំរាប់ជាប្រយោជន៍សាធារណៈ ជាប្រយោជន៍សាសនា ដែលចុងក្រោយ ដោយសារអំណាចផលានិសង្ឃ ដែលខ្លួនបានកសាង មគ្គមានព្វក៏បានកើតទៅជាទេវតា។
ក្នុងន័យនេះដែរ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា៖ «កម្ពុជា មានភព្វសំណាងដោយសារយើង មានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌ និងជាស្ថាបនិកសន្តិភាព ដែលបានដឹកនាំប្រទេសជាតិឱ្យទទួលបានសុខសន្តិភាពទាំងស្រុងពេញផ្ទៃប្រទេស ក្រោយពីបានរំដោះជីវិតប្រជាជនចេញផុតពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចនៅបានគិតគូរដល់សុខមាលភាពប្រជាពលរដ្ឋ ដោយដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជា អាចបើកប្រទេសឡើងវិញ ធ្វើឱ្យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានវិលទៅរកស្ថានភាពល្អប្រសើរឡើងវិញ។ នេះហើយជាបុណ្យកុសលធំធេងណាស់ដែលសម្តេចតេជោបានធ្វើ សម្រាប់ជាតិ សាសនា និងព្រះមហាក្សត្រ»។
ជាមួយគ្នានេះដែរ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក៏បានចូលរូមបូជាប្រទីប និងបង្ហោះគោម ក្នុងន័យថ្វាយចំពោះព្រះរតនត្រៃយ៍ និងផ្សព្វផ្សាយមេត្តចិត្ត ឧទ្ទិសបុណ្យកុសលដល់ញាតិញ៉ោម ដើម្បីឱ្យមានចិត្តជ្រះថ្លាស្ងប់កើតមានមេត្តាធម៌ លុបបំបាត់អំពើក្រោធ ក្នុងចិត្ត និងធ្វើឱ្យអ្នកផង បានរីករាយសប្បាយចិត្តជាមួយយើងដែរ ព្រមទាំងបង្កើតបាននូវពន្លឺដ៏ភ្លឺត្រចះត្រចង់ក្នុងចិត្តដូចប្រទីប និងការបង្ហោះ គោមដែលពេញដោយពន្លឺភ្លឺរទាលនាពេលរាត្រី។
ទេយ្យទានដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកវេរប្រគេនព្រះសង្ឃ រួមមាន៖ សាដក ២២, អង្ករ១០០គីឡូក្រាម, មី៣០កេស, ទឹកក្រូច៣០កេស, ទឹកសុទ្ធ១០០កេស, ស្ករស ១០០គីឡូក្រាម, ត្រីខកំប៉ុង ១កេស, ទឹកដោះគោ ខាប់១កេស, ផ្លែឈើ២កន្ត្រក, តាជី យាយជី១៣៥អង្គ-នាក់ ក្រណាត់ស១ដុំ, ប្រាក់២ម៉ឺនរៀល, បច្ច័យប្រគេនព្រះសង្ឃ ២០៤អង្គ ក្នុងមួយអង្គ ៥ម៉ឺនរៀល ព្រមទាំងមន្ត្រីសង្ឃ, សិស្សនិស្សិត២៦នាក់ ក្នុងម្នាក់២ម៉ឺនរៀល។ ចំពោះបច្ច័យដែលទទួលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ទចាប់មគ្គផលសរុបមាន ចំនួន ៣៨,៦៤០,០០០រៀល ដើម្បីតំកល់ទុកក្នុងព្រះពុទ្ធសាសនាតរៀងទៅ៕