(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និងដំឡើងយានយន្ត នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបជាមួយលោក Fujita Ryoji ប្រធានក្រុមហ៊ុនតូយ៉ូតា ប្រចាំនៅប្រទេសកម្ពុជា ក្នុងគោលបំណងបន្តពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា ពិសេសការដាក់ពាក្យស្នើសុំលើកទឹកចិត្តលើការនាំចូលគ្រឿងបង្គុំ សម្រាប់ដំឡើងរថយន្ត។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Toyota Tsusho Corporation ដែលបានសម្រេចចិត្តវិនិយោគដំឡើងរថយន្តនៅកម្ពុជា ក្រោមក្រុមហ៊ុនឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd។
លោកបានគូសបញ្ជាក់ថា គម្រោងវិនិយោគនេះ ជាគម្រោងដែលមានទំហំទុនវិនិយោគធំ ដែលនឹងផ្តល់សារៈប្រយោជន៍ដ៏សំខាន់ដល់កម្ពុជា ក្នុងនោះ រួមមាន ការជំរុញការដំឡើងរថយន្តក្នុងស្រុក, ការផ្តល់ការងារ, ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាជូនប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ព្រមទាំងជាគំរូ និងមេដែកទាក់ទាញវិនិយោគផ្សេងទៀត។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានទទួលពាក្យស្នើសុំលើកទឹកចិត្តគម្រោងវិនិយោគដំឡើងរថយន្តរបស់ក្រុមហ៊ុន ដើម្បីពិនិត្យ និងបន្តនីតិវិធី។
សូមជម្រាបថា កន្លងមកដោយមានការណែនាំដោយយកចិត្តទុកដាក់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមការងារក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានទទួលជួបពិភាក្សាការងារជាមួយ អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងប្រតិភូក្រុមហ៊ុន Toyota Tsusho Corporation កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយជាបន្តបន្ទាប់ ប្រតិភូក្រុមហ៊ុនក៏បានប្រជុំចំនួន៣លើកថែមទៀត ជាមួយក្រុមការងារ ដើម្បីពិភាក្សាលើការស្នើសុំការលើកទឹកចិត្តនូវការនាំចូលគ្រឿងបង្គុំ សម្រាប់គម្រោងវិនិយោគផ្គុំ និងដំឡើងរថយន្ត។
ជាមួយនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាគោល-ការណ៍ក្នុងដំណាក់កាលបឋម នូវការលើកទឹកចិត្តដល់គម្រោងនេះ ដើម្បីក្រុមហ៊ុនអាចចាប់ផ្តើមបន្តនីតិវិធី, រៀបចំ និង អនុវត្តគម្រោងវិនិយោគផ្គុំ និងដំឡើងរថយន្តនៅកម្ពុជាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយមានភ្ជាប់លក្ខខណ្ឌ។
គោលការណ៍នេះ ជាចំណុចចាប់ផ្តើមដ៏សំខាន់ និងជាកត្តាគន្លឹះក្នុងការធ្វើសេចក្តីសម្រេចចិត្តដ៏ច្បាស់លាស់របស់ក្រុមហ៊ុន មកវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ «រូយ៉ាល់គ្រុប ភ្នំពេញ» ហើយជាបន្តបានរៀបចំឯកសារ និងដាក់ពាក្យស្នើសុំការលើកទឹកចិត្តមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលនេះ៕