(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញព័ត៌មានលម្អិតជុំវិញប្រតិបត្តិការយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងការត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ «ប៉ាវយ៉ុងតិចណូឡូជី» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយសង្ស័យពាក់ព័ន្ធបទល្មើសបង្ខាំង ធ្វើទារុណកម្ម ជួញដូរមនុស្ស និងល្បែងស៉ីសងអនឡាញខុសច្បាប់។
តាមរយៈសេចក្ដីជូនព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងប្រតិបត្តិការរយៈពេល០៤ថ្ងៃនេះ កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត បានរកឃើញនូវជនបរទេសខុសច្បាប់អន្តោប្រវេសន៍ ចំនួន១៨៤នាក់ ស្រី២១នាក់ មាន០៣សញ្ញាតិ ក្នុងនោះមានជនជាតិចិន ចំនួន១០០នាក់ (ស្រី០២នាក់), ជនជាតិវៀតណាម ចំនួន៧៩នាក់ (ស្រី១៨នាក់) និងជនជាតិម៉ាឡេស៊ីចំនួន ០៥នាក់ (ស្រី០១នាក់) ដោយបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា។
ក្នុងនោះផងដែរ មានជនបរទេសចំនួន ៣៥៧នាក់ (ស្រី ៤៩នាក់) ត្រូវបានពិនិត្យឃើញថា បានបម្រើការងារដោយគ្មានបណ្ណការងារ ហើយត្រូវបានផាកពិន័យដោយជំនាញមកពីនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួចទើបអនុញ្ញាតឲ្យស្នើសុំបណ្ណការងារពីមន្ទីរការងារ។ អង្គភាពទាំងពីរបានប្រមូលអាករចេញពីការផាកពិន័យ និងការផ្តល់បណ្ណការងារសរុបបានចំនួន២១១,២៤០,០០០រៀល។
តាមការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពុំឃើញមានសញ្ញាណបទល្មើសបង្ខាំង ធ្វើទារុណកម្ម ជួញដូរមនុស្ស និងល្បែងស៊ីសងអនឡាញខុសច្បាប់នោះទេ ប៉ុន្តែសង្ស័យពាក់ព័ន្ធករណីទិញលក់រូបិយបណ្ណ និងវិនិយោគភាគហ៊ុន ដោយគ្មានច្បាប់អនុញ្ញាត ប្រើប្រាស់កម្លាំងពលកម្មបរទេសដោយខុសច្បាប់ ការរឹតត្បិតសេរីភាពចំពោះការដើរហើរចេញពីទីតាំងរួមទៅខាងក្រៅ និងធ្វើការងារលើសម៉ោង។
ជាមួយគ្នានេះ ជនបរទេសចំនួន ២៧នាក់ ស្រី១០នាក់ ត្រូវបានសាកសួរពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងជួញដូរកម្លាំងពលកម្ម ការព្យាយាមរត់គេចចេញពីការត្រួតពិនិត្យរបស់សមត្ថកិច្ច និងការនាំចេញពីទីតាំងនូវសាច់ប្រាក់ចំនួនច្រើនខុសប្រក្រតី។
ក្រោយបញ្ចប់ការសាកសួរ ជនបរទេសដែលមានឯកសារធ្វើដំណើរគ្រប់គ្រាន់ និងស្របច្បាប់ត្រូវបានធ្វើកិច្ចសន្យាអប់រំ និងអនុញ្ញាតឲ្យចាកចេញពីទីតាំង ដោយឡែកជនបរទេសដែលខុសច្បាប់អន្តោប្រវេសន៍ត្រូវបន្តគ្រប់គ្រងដោយសមត្ថកិច្ចជំនាញមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ៕