(ភ្នំពេញ)៖ ជនបរទេសចំនួន២៣០នាក់ ដែលចូលមកកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត និងស្នាក់នៅលើសទិដ្ឋាការ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្ដេញចេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ជនបរទេសចំនួន២៣០នាក់ដែលចូលមករស់នៅដោយខុសច្បាប់នោះ មានស្រី៥០នាក់ ក្នុងនោះមាន០២សញ្ជាតិ៖ ជនជាតិវៀតណាមចំនួន២២៨នាក់ និងជនជាតិចិនចំនួន០២នាក់។
ការបណ្តេញចេញនេះ គឺអនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយពួកគេបានចាកចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។
ជនបរទេសចំនួន២៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើស លួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការកំណត់ និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍៕