(អូស្ត្រាលី)៖ ខណៈនេះទឹកជំនន់នៅទីក្រុងប៉ារីសប្រទេសបារាំង នៅមិនទាន់ធូរស្រាលនៅឡើយទេ ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប ប៉ុន្តែបើងាកមកមើលអូស្ត្រាលីវិញ រដ្ឋាធានីកង់បេរ៉ា របស់ប្រទេសនេះ កំពុងតែទទួលរងទឹកជំនន់វាយប្រហារយ៉ាងសន្ធាប់ បណ្តាលឲ្យមនុស្សម្នាក់ហើយ បាត់បង់ជីវិតដោយសារលង់ទឹក។ នេះបើតាមការចេញផ្សាយដោយស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១៦។
តំបន់ភាគខាងត្បូង និងខាងកើតប្រទេសអូស្ត្រាលីបានទទួលរងឥទ្ធិពលពីព្យុះភ្លៀង បានបណ្តាលឲ្យ ដាច់ចរន្តអគ្គិសនី និងសេវាកម្មនានាផ្សេងទៀត។ បន្ថែមពីនេះទៀត ទឹកជំនន់បាននិងកំពុងបង្កគ្រោះមហន្តរានៅរដ្ឋ Queensland និង ជាយទីក្រុងស៊ីដនី ព្រមទាំងរដ្ឋធានីកង់បេរ៉ាផងដែរ។ អាជ្ញាធរបានសម្រេចប្រកាសឲ្យប្រជាជនក្នុងរដ្ឋខាងលើ និងរដ្ឋមួយចំនួនទៀតដូចជា Victoria និង Tasmania បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ខណៈរដ្ឋ New South Wales ក៏បានប្រកាសដូចគ្នា។
ងាកទៅមើលតំបន់អឺរ៉ុបវិញ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ មនុស្ស ៤នាក់បានស្លាប់ដោយសារទឹក ជំនន់នៅទីក្រុងប៉ារីស ដែលនាំឲ្យមនុស្សស្លាប់ដោយគ្រោះធម្មជាតិនៅអឺរ៉ុបទាំងមូលកើនឡើងដល់ជាង ២០នាក់។ ដោយឡែកប្រទេសអាល្លឺម៉ង់ បានទទួលរងគ្រោះខ្លាំងជាងគេ ដោយមានមនុស្សស្លាប់ ដោយសារទឹកជំនន់ចំនួន ១០នាក់៕