(ភ្នំពេញ)៖ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ក្រោយពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានឆ្លៀតជួបជជែកគ្នារយៈពេលខ្លីលើបញ្ហាមួយចំនួន។

ក្នុងឱកាសនោះ លោកស្រីនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានជម្រាបសម្តេចតេជោថា លោកស្រីនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជានាខែវិច្ឆិកាខាងមុខនេះ។

ក្នុងជំនួបរយៈពេលខ្លីនេះសម្តេចតេជោ ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានជជែកពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរផងដែរ៕