(ភ្នំពេញ)៖ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ក្រោយពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានឆ្លៀតជួបជជែកគ្នា។

ក្នុងឱកាសនោះ ក្រៅតែពីការសួរសុខគ្នាដោយក្តីរីករាយហើយនោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជា ដែលបានឧបត្ថម្ភថវិកាដល់ប្រទេសប៉ាគីស្ថាន ពេលជួបគ្រោះទឹកជំនន់ផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានឧបត្ថម្ភថវិកាប្រមាណ ៥ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី០៥ ខែកញ្ញា កន្លងទៅនេះ ដើម្បីចូលរួមដោះស្រាយការលំបាករបស់ប្រទេសប៉ាគីស្ថាន ដែលជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ៕