(ភ្នំពេញ)៖ លោក ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតីប្រទេសទីម័រខាងកើត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រឹងប្រែងជួយប្រទេសទីម័រខាងកើត ឱ្យក្លាយជាសមាជិកអាស៊ាន។

ក្នុងពេលបំពេញបេសកកម្មការងារនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន និងលោក រ៉ាម៉ូស ហ័រតា បានឆ្លៀតជួបជជែកពិភាក្សាគ្នាលើការងារមួយចំនួន។ ជាពិសេសការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះសម្តេចតេជោ និងលោកប្រធានាធិបតីទីម័រខាងកើត សុទ្ធតែបានបង្ហាញនូវក្តីរីករាយបានជួបគ្នាជាថ្មី។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតសម្តែងការអបអរសាទរចំពោះជោគជ័យលើការបោះឆ្នោតរបស់លោក រ៉ាម៉ូស ហ័រតា ផងដែរ។

បន្ទាប់ពីការស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាលហើយនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត។ សម្តេចតេជោជួបប្រធានាធិបតីទីម័រ សម្តេចពិតជារីករាយបានជួបឯកឧត្តម និងចូលរួមអបអរសាទរ សម្រាប់ការឈ្នះឆ្នោតនាពេលកន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពាក់ព័ន្ធការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ១០ឆ្នាំមកនេះ ពោលចាប់តាំងពីកម្ពុជាធ្វើប្រធានអាស៊ាននៅឆ្នាំ២០១២ សម្តេចបានខិតខំប្រឹងប្រែងជំរុញឱ្យប្រទេសទីម័រក្លាយជាសមាជិកអាស៊ាន។ មកដល់ពេលនេះសម្តេចតេជោ សង្ឃឹមថា នឹងមានការគាំទ្រប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន ដែលអាចប្រកាសនៅចុងឆ្នាំ២០២២នេះ ហើយនឹងចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០២៣។

ដំណឹងនេះ បានធ្វើឱ្យលោកប្រធានាធិបតីប្រទេសទីម័រខាងកើត និងគណៈប្រតិភូ សម្តែងនូវក្តីរំភើបយ៉ាងខ្លាំង ហើយសូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឱ្យប្រទេសទីម័រក្លាយជាសមាជិកអាស៊ាន។ លោក រ៉ាម៉ូស ហ័រតា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាម្ចាស់របស់ប្រទេសទីម័រខាងកើតផងដែរ។

ក្រៅពីបញ្ហាខាងលើនេះទៅ សម្តេចតេជោ ហ៊ុន សែន និងលោក រ៉ាម៉ូស ហ័រតា ក៏បានជជែកពីការពង្រឹងពង្រីកលើការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

លោកប្រធានាធិបតីទីម័រខាងកើត បានបង្ហាញក្តីរំពឹងថា ទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទីម័រខាងកើត និងកម្ពុជា នឹងកាន់តែល្អប្រសើរថែមទៀត។ លោកប្រធានាធិបតី បានគូសបញ្ជាក់ផងដែរថា លោកនឹងពិនិត្យនាំចូលទំនិញពីកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

លោកប្រធានាធិបតី បានបង្ហាញក្តីសង្ឃឹមដែរថា ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នៅសប្តាហ៍ទី៣នៃខែតុលា លោកនឹងខិតខំជំរុញការធ្វើពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ទីម័រ កាន់តែមានភាពរីកចម្រើន ដោយសារតែការជឿជាក់លើគ្នាទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅមានកម្រិត តែកម្ពុជា និងទីម័រនៅតែមានសង្ឃឹមក្នុងការពង្រីក។

ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយចិន និងកូរ៉េខាងត្បូង។ ក្នុងន័យនេះ សម្តេចតេជោចង់ឱ្យកម្ពុជា និងទីម័រខាងកើត ពិនិត្យលទ្ធភាពធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក រ៉ាម៉ូស ហ័រតា បានជជែកពីការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគ៕