(ភ្នំពេញ)៖ មុននឹងហោះចេញពីក្រុងញូវយ៉ក ឆ្ពោះទៅកាន់ក្រុងហាវាណា ប្រទេសគុយបា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គូសរំលេចសារខ្លីមួយពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយប្រទេសគុយបា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលេចនៅក្នុងសារនោះថា ក្នុងរយៈពេល ៦២ឆ្នាំនៃទំនាក់ទំនងរវាង កម្ពុជា និងគុយបា សម្តេចបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះ អស់រយៈពេល ៤៣ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២២នេះ គឺស្មើនឹង២/៣នៃទំនាក់ទំនងទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា ទស្សនកិច្ចចុងក្រោយរបស់សម្តេចធ្វើឡើងនៅឆ្នាំ២០០០។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសាជាថ្មីនាពេលនេះ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត។

សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាជនគុយបា ដែលបានជួយដល់ប្រជាជនកម្ពុជាក្នុងពេលដែលជួប
ការលំបាកបំផុតក្រោយការដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្តេចតេជោ បានរំលេចពាក្យទំនៀមខ្មែរមួយឃ្លាថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស, សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងកំលុងពេលទស្សនកិច្ចផ្លូវការជាលើកទី២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។

បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន៖

១៖ កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌
២៖ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ
៣៖ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា
៤៖ គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ
៥៖ អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសមចំពោះ លោក អេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។ សម្តេចតេជោ ក៏រំពឹងថានឹងចូលជួប សម្តែងការគួរសមចំពោះ លោក រ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបាផងដែរ។

នៅរដ្ឋធានីហាវាណា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Martí)។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសគុយបាផងដែរ៕