(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ជាប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យ បានចាប់ផ្តើមបើកកញ្ចប់ស្នាមេដៃ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ (CNRP) ដែលហែថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ។
នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យស្នាមមេដៃ បានប្រាប់ Fresh News ថា គណៈកម្មការបានចាប់ផ្តើមបើកកញ្ចប់ហើយ ដើម្បីធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ តែលទ្ធផលយ៉ាងណានោះ លោកមិនទាន់អាច បញ្ជាក់បាននៅឡើយទេ ព្រោះស្នាមមេដៃមានច្រើន ហើយត្រូវចំណាយពេលយូរទៀត ក្នុងការស្រាវជ្រាវឲ្យបានច្បាស់លាស់។
កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ តំណាងដោយលោក យ៉ែម បុញ្ញរិទ្ធ បានធ្វើញត្តិមួយអមដោយ ស្នាមមេដៃរបស់ប្រជាពលរដ្ឋចំនួន ១៨ដុំ ស្មើនឹងជាង ១៧ម៉ឺនស្នាមមេដៃ ដង្ហែទៅថ្វាយព្រះមហាក្សត្រខ្មែរ ដោយទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិ មនុស្សអាដហុក ៤រូប អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត១រូប។ ក្នុងញត្តិក៏ទាមទារឲ្យដោះលែងសកម្មជនមន្រ្តីជាន់ខ្ពស់ និងតំណាងរាស្រ្ត គណបក្សគណបក្សសង្រ្គោះជាតិ ព្រមទាំងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ ទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ។
បន្ទាប់ពីការប្រគល់ញត្តិនេះ មានព័ត៌មានទម្លាយថា ក្នុងញត្តិមានករណីមិនប្រក្រតីមួយចំនួន ក្នុងការប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋ។
ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងចៀសវាងការបោកប្រាស់ព្រះមហាក្សត្រ នាំឲ្យប៉ះពាល់ដល់ព្រះកិត្តិស័ព្ទរបស់ព្រះអង្គនោះ នៅថ្ងៃទី៣១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ច ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រៀបចំស្រាវជ្រាវស្នាមមេដៃ តាមវិធីសាស្រ្តធ្វើកោសល្យវិច្ច័យ ស្រាវជ្រាវពីប្រជាជនដោយផ្ទាល់ ឬតាមវិធីសាស្រ្តផ្សេងៗទៀត។
ក្នុងលិខិតប្រគល់ភារកិច្ចនោះ បានស្នើឲ្យរៀបចំស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃ បោកប្រាស់ទាំងប្រជាជន ជាពិសេសបោកប្រាស់ព្រះមហាក្សត្រ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្លាប់បានបញ្ជាក់ថា បើក្នុងករណីរកឃើញថា ស្នាមមេដៃមានភាពមិនប្រក្រតីមែននោះ អ្នកយកស្នាមមេដៃថ្វាយ ព្រះមហាក្សត្រគឺជាអ្នកទទួលខុសត្រូវ ព្រោះវាជាការក្លែងបន្លំឯកសារសាធារណៈ ហើយជាការប្រមាថធ្ងន់ធ្ងរចំពោះព្រះកិត្តិសព្ទ របស់ព្រះមហាក្សត្រ៕